ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម សម្តេចបវរធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចបវរធិបតីបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។  

ជាការឆ្លើយតប, លោក នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្តេចបវរធិបតី ប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាព បន្ថែមទៀត។

ជាមួយគ្នានេះ, លោកបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។ 

ប្រមុខទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ, សម្តេចបវរធិបតី បានជម្រាបជូន លោកនាយករដ្ឋមន្ត្រីអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ លោក នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឯកឧត្តមបានយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ