ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
មានរឿងតំណាលថា នៅដើមនៃភទ្ទកប្បសេដ្ឋីម្នាក់មានបុត្រមួយឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស រៀនចេះចប់ត្រៃវេទតាំងពីអាយុបាន៧ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឱ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីនៅនៃបក្សីទាំងឡាយ ធម្មបាលកុមារបានចេះទាំងភាសាបក្សីទាំងពួងផង ហើយបានជាអាចារ្យសម្ដែងមង្គល ផ្សេងៗដល់មនុស្សទាំងពួងផង ។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកបិលមហាព្រហ្ម១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។
ពេលនោះកបិលមហាព្រហ្មបានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហានឹងធម្មបាលកុមារ ៣ «ខ» ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ព្រះសិរទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាលកុមារសុំឱ្យពន្យារពេលចំនួន៧ថ្ងៃសិនដើម្បីគិតប្រស្នា ។ លុះកន្លងទៅ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញ ដឹងខ្លួនថា ព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយ ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឱ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅ ក្រោមដើមត្នោតមួយគូ ។ ដើមត្នោតនោះសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុកអាស្រ័យនៅ វេលាយប់ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថា «ព្រឹកនេះយើងបានអាហារពីណាស៊ី»?
ឥន្ទ្រីឈ្មោលឆ្លើយថា «យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច» ។ ឥន្ទ្រីញីសួរថា «ប្រស្នានោះដូចម្ដេច» ? ឥន្ទ្រីឈ្មោលឆ្លើយថា «វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា» ? ត្រូវឆ្លើយថា «នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលុបមុខ» ។ ខ១ទៀតថា «ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា» ? ត្រូវឆ្លើយថា «នៅទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង» ។ ខ១ ទៀតថា «វេលាល្ងាចសិរីស្ថិតនៅទីណា» ? ត្រូវឆ្លើយថា «នៅជើង ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង» ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។
ព្រឹកឡើងកបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារឆ្លើយដោះស្រាយតាមដែលបានឮមក ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជាបាទបរិចារិកាព្រះឥន្ទ្រមកប្រាប់ថា «ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងនឹងរាំង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឱ្យកូនទាំង៧នាក់យកពានមកទទួលព្រះសិរបិតា» ។
ថាហើយកបិលមហាព្រហ្មក៏កាត់ព្រះសិរហុចទៅឱ្យព្រះនាង «ទុង្សា» ជាកូនច្បង។ ព្រះនាងទុង្សាបានយកពានមកទទួលព្រះសិរបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញទៅប្រតិស្ឋានទុកក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វ ផ្សេងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ប្រការ ឈ្មោះថា «ភគវតីសភា» ឱ្យជាទីប្រជុំនៃទេវតា លុះដល់គម្រប់១ឆ្នាំជាសង្ក្រាន្ត នាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នាមកអញ្ជើញព្រះសិរកបិលមហាព្រហ្មចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ ហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ ។
ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងប្រដាប់កាយ
-ថ្ងៃអាទិត្យ «នាងទុង្សាទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ ។
-ថ្ងៃចន្ទ «នាងគោរាគទេវី» សៀតផ្កាអង្គាបុស្ប គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា ។
-ថ្ងៃអង្គារ «នាងរាក្យសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់មោរា៉ ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈអស្សតរ ។
-ថ្ងៃពុធ «នាងមណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈលា ។
-ថ្ងៃព្រហស្បតិ៍ «នាងកិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី ។
-ថ្ងៃសុក្រ «នាងកិមិរាទេវី» សៀតផ្កាចង្កុលណីគ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី ។
-ថ្ងៃសៅរ៍ «នាងមហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់និលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក ៕SP