ភ្នំពេញ ៖ ថ្ងៃ១៥‌កើត‌ ខែវិសាខ‌ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌មួយ‌ ដែលពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់‌ឆ្នាំ‌ តាមរយៈពិធីបុណ្យប្រ‌ពៃណី‌ពុទ្ធសាសនា វិសាខបូជា។

វិសាខបូជា‌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។‌ អភិលក្ខិត‌សម័យទាំងបីនេះ‌‌ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយ‌ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះដែលជាការទទួលស្គាល់ជាសកលអំពី ការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាងពីរពាន់ប្រាំមួយរយឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែកលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សំរាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ។

ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំលឹកសរសើរ ការស្តាប់ធម្មទេសនា និង ការសាកសួរធម៌ សាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្សដែលកើតមកពីការធ្វើទាន រក្សាសីល ធ្វើសមាធិជាដើម។

ប៉ុន្តែ អ្វីដែលប្រជាពុទ្ធបរិស័ទគួរបានទទួលផលប្រយោជន៍ ឲ្យកាន់តែពិសេសនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឲ្យកាន់តែបានច្បាស់ថែមទៀត អំពីសារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្ត និង អនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្ត។

សូមបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ