អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរបង្ហាញ៧ចំណុច សម្រាប់ពិចារណា ក្នុងការសិក្សាភាសាវៀតណាម
ភ្នំពេញ ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ បានលើកបង្ហាញនូវទស្សនៈ ក៏ដូចជាការស្រាវជ្រាវ ចំនួន៧ចំនុច សម្រាប់ធ្វើការពិចារណាក្នុងការសិក្សា ភាសាខ្មែរនិងវៀតណាម ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នា។
ការលើកបង្ហាញនូវទស្សនៈនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ក្រសួងអប់រំយុវជន និងកីឡា បានឯកភាពឱ្យបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក ឥន សុផល បានសរសេរយ៉ាងដូច្នេះថា «ជាតិសាសន៍មួយ ដែលមិនស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាជាតិសាសន៍ខ្សោយបំផុត ! កងទ័ពវៀតណាម ខំរៀនភាសាខ្មែរណាស់! ផ្ទុយស្រឡះពីពលរដ្ឋខ្មែរ មោទនភាព I am sorry…! »។
ក្នុងនោះលោក ឥន សុផល បានលើកបង្ហាញនូវទស្សនៈ៧ចំនុចរួមមាន៖
១.ថ្មីៗឃើញមានផ្អើលរឿង រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភ្នំពេញ តើមានកំហុសអ្វីដែរ? នៅវិទ្យាស្ថានការទូត សហរដ្ឋអាមេរិក មានបង្រៀនជាង៧០ភាសា។
២.នៅប្រទេសវៀតណាម មានបណ្ឌិត្យសភាយោធា សឺងតៃ (Son Tay Military Academy) និងសាលាបណ្តុះបណ្តាលហូជីមីញ (Nguyen Ai Quoc Training School)។ សាលាទាំងពីរនេះ បានបណ្តុះបណ្តាល កម្មាភិបាលកងទ័ពវៀតកុង ជាន់ខ្ពស់ជាងកន្លះលាននាក់ ឱ្យរៀនភាសាខ្មែរ, រៀនប្រវត្តិសាស្ត្រ, វប្បធម៌ប្រពៃណីខ្មែរ យ៉ាងស្ទាត់ជំនាញ។
៣.បន្ទាប់ពីចេះភាសាខ្មែរ, និយាយច្បាស់ដូចជនជាតិខ្មែរពិតៗ ពួកគេចាប់ផ្តើមប្តូរឈ្មោះ ពីឈ្មោះវៀតណាម មកជាឈ្មោះខ្មែរដូចជា ង្វៀងយាំងមៀង (សឺង ង៉ុកមិញ), ង្វៀនថាន់ សឺង (ហានីឡាគីរី) រួចបញ្ចូលឱ្យមកបង្កើតបក្សកុម្មុយនីស្តកម្ពុជា មានឈ្មោះអាចារមៀន។
៤.នៅពេលរដ្ឋប្រហារឆ្នាំ១៩៧០ កងទ័ពវៀតកុង ទាំងនោះ មានជំនាញឃោសនា, ចារកម្ម, ទីប្រឹក្សានិងក្រុមភេវរកម្ម បានពាក់ព្រះឆាយាល័ក្ស ព្រះសម្តេច នរោត្តម សីហនុ ដើរឃោសនា ពេញស្រុកឱ្យកូនចៅ រត់ចូលព្រៃម៉ាគី។ យុវជនខ្មែរ មានតែស្មារតីតែខ្វះ វិជ្ជា ចាញ់ឃោសនាវៀតកុង រត់ចូលព្រៃស្ងាត់ស្រុក ចុងបញ្ចប់ បំផ្លាញខ្លួនឯង គឺរបបវាលពិឃាត។
៥.កងទ័ពវៀតកុង ទាំងនោះ បានសូកប៉ាន់ចូលកាន់ដំណែងធំៗ ក្នុងជួររដ្ឋាភិបាល ជាពិសេសជាប្រធានមន្ទីរអប់រំ នៅតាមខេត្តនានា។ ជាក់ស្តែងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នៅខេត្តព្រៃវែង មានកងទ័ពវៀតកុង ជាង៦០នាក់ ក្លាយទៅជាប្រធានមន្ទីរអប់រំ, នាយកសាលា និងគ្រូបង្រៀនថ្នាក់វិទ្យាល័យ បានឃោសនាឱ្យយុវជនខ្មែរ ចូលរួមតស៊ូជាមួយខ្មែរក្រហម ដូចទឹកបាក់ទំនុប។ កុំឆ្ងល់ថាហេតុអ្វី សម័យនោះ ខ្មែរក្រហមភាគច្រើនចេញ ពីគ្រូបង្រៀន និងនិស្សិត ! ភ្ញាក់ខ្លួនហើយនៅ!។
៦.តើហេតុអ្វីបានជា ប៉ុល ពត ប្រើពាក្យ “បោសសម្អាតក្បាលយួនខ្លួនខ្មែរ”? គឺដោយសារ ប៉ុល ពត ធ្លាប់ជាជំនួយការលោក ទូ សាមុត (កងទ័ពវៀតកុង) ដឹងច្បាស់ពីការបង្កប់ខ្លួន របស់វៀតកុង នៅក្នុង ប្រទេសកម្ពុជា ជាពិសេសនៅ ខេត្តបូព៌ាទិស ដែលជាគោលដៅ បោសសម្អាត។
៧.ដោយសារកងទ័ពវៀតកុង រៀនភាសាខ្មែរ, ចេះនិយាយខ្មែរច្បាស់រួមទាំងជំនាញឃោសនា បានបង្កើតគណបក្សនយោបាយមួយ នៅក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីឃោសនាប្រឆាំងទៅនឹង កងទ័ពវៀតកុង ខ្លួនឯង មានពលរដ្ឋខ្មែរ ចូលរួមយ៉ាងច្រើន៕SP