ទេវនាដនិម្មិតឯម ធាយ គឺជានាដការីរបាំព្រះរាជទ្រព្យដែលលះបង់កម្លាំងកាយចិត្ត មួយជីវិតដើម្បីសិល្បៈរបាំបុរាណខ្មែរ ។ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ។

ព្រឹទ្ធាចារ្យ ជាអ្នករបាំ និងជាគ្រូបង្រៀនរបាំព្រះរាជ្យទ្រព្យ  ព្រឹទ្ធាចារ្យមានកំណើតនៅក្នុងព្រះបរមរាជវាំងនៅក្នុងទសវត្សរ៍១៩៣០ នៅពេលដែលឪពុកម្តាយលោកយាយធ្វើការនៅក្នុងព្រះបរមរាជវាំង។ ព្រឹទ្ធាចារ្យបានសម្រេចចិត្តចាប់យករបាំព្រះរាជ្យទ្រព្យជាអាជីពតាំងពីលោកយាយមានអាយុតិចជាងដប់ឆ្នាំមកម៉្លេះ។ 

ព្រឹទ្ធាចារ្យ ជានាដការីនិង ជាគ្រូបង្រៀនរបាំមួយរូបនៅក្នុងវាំង ដូចជាម្តាយរបស់លោកយាយដែរ ហើយតាំងពីប្រសូត្រមករហូតដល់ពេញវ័យមានគ្រួសារ  ព្រឹទ្ធាចារ្យនៅតែក្នុងវាំងតែប៉ុណ្ណោះ។ រហូតមកដល់របប លន់ នល់ ព្រឹទ្ធាចារ្យនៅតែត្រូវបានគេអនុញ្ញាតឲ្យរស់នៅក្នុងវាំង និងបន្តបង្ហាត់របាំដដែល។ ក៏ប៉ុន្តែនៅខែមេសា ឆ្នាំ ១៩៧៥ ជីវិតរបស់លោកយាយបានផ្លាស់ប្តូរទាំងស្រុង។

ស្វាមីរបស់ព្រឹទ្ធាចារ្យ ដែលជាទាហានការពារហ្លួងមួយរូប បានទទួលមរណភាពចោលតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ។ ព្រឹទ្ធាចារ្យជាមួយនឹងកូនប្រុសស្រី ៩ នាក់ត្រូវចាកចេញពីភ្នំពេញទៅរស់នៅខេត្តកណ្តាលមួយរយៈមុនពេលបន្តទៅខេត្តបាត់ដំបង។កូនប្រុសរបស់ព្រឹទ្ធាចារ្យ៤ នាក់ដែលសុទ្ធសឹងតែជាសិល្បករត្រូវបានគេសម្លាប់នៅក្នុងរបបអាវខ្មៅ។ ផ្ទុយទៅវិញ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរស់រានមានជីវិតបានដល់សព្វថ្ងៃ ដោយសារតែជំនាញរបស់លោកយាយទៅវិញ។

បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ព្រឹទ្ធាចារ្យឯម ធាយ បានធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសង្ឃឹមថានឹងបន្តអាជីពជាគ្រូបង្រៀនរបាំព្រះរាជទ្រព្យ។ ពេលធ្វើដំណើរទៅភ្នំពេញ នាងជួបជាមួយមិត្តរួមការងារនិងសិស្សលោកយាយមួយចំនួន។

ព្រឹទ្ធាចារ្យ រំជួលចិត្តជាខ្លាំង បន្ទាប់ពីបានដឹងថាសិល្បករនិងគ្រូរបាំព្រះរាជទ្រព្យប្រហែល ៩០ ភាគរយបានទទួលមរណភាពនៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ គឺពេលនោះហើយដែលព្រឹទ្ធាចារ្យសម្រេចថា ជួយឲ្យរបាំនេះរស់រានមានជីវិតឡើងវិញ ជាមួយនឹងសិល្បករ ៧ រូបទៀត។

ក្រោយមកព្រឹទ្ធាចារ្យបានបង្រៀនរបាំនេះទៅក្មេងៗជំនាន់ក្រោយ បង្រៀននៅ មហោស្រពសិល្បៈជាតិ នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ នៅតាមអង្គការកុមាកំព្រា និងនៅផ្ទះផង។ព្រឹទ្ធាចារ្យ ឯម ធាយ  អាចរាំរបាំតួនាង តួនាយរោង  ក្បាច់ប្លែង និងតួស្វា តួយក្ស ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។  

ក្នុងនាមជាអ្នកដែលបង្ហាត់បង្រៀនរបាំ លោកយាយមិនបានសល់ទ្រព្យធនអ្វីជាដុំកំភួននោះឡើយ តែលោកយាយបានមានប្រសាសន៍ថា លោកយាយមិនស្តាយក្រោយនោះទេ នៅក្នុងជីវិតជាអ្នកបន្តមរតករបាំព្រះរាជទ្រព្យមួយនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ