វីតាមីន C ពិតជាសំខាន់ណាស់សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើងត្រូវការវីតាមីននេះនៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយអត្ថបទនេះនឹងបង្ហាញនូវអាការៈទាំង១០ដែលបង្ហាញថាយើងខ្វះវីតាមីន C ។

១ អញ្ចាញធ្មេញហើម និងមានឈាម

វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែប្រសិនជាយើងមិនទទួលបានវីតាមីននេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ ។ មួយវិញទៀត បើទោះជាយើងថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញនៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។ 

២ ស្នាមជាំ និងរបួសប្រើពេលយូរក្នុងការជាសះស្បើយ

ប្រសិនជាយើងមានស្នាមជាំ អាចបណ្តាលមកពីខ្វះវីតាមីន C។ អាការៈនេះអាចបង្ការបានដោយញ៉ាំផ្លៃក្រូច និងបន្លែផ្សេងទៀតជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត បើសង្កេតឃើញថាស្នាមរបួសដែលក្រនឹងជា នេះក៏ជាសញ្ញាបង្ហាញថាយើងខ្វះវីតាមីន Cដែរ ដោយសារតែរាងកាយត្រូវការវីតាមីន C ដើម្បីផលិត collagen។

៣ សក់ផុយស្រួយ និងជ្រុះ

អ្នកញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ នឹងមានបញ្ហាសក់ខូច និងជ្រុះ។ ដើម្បីចៀសវាងការចំណាយថរិកាទៅលើផលិតផលថែរក្សាសក់ យើងអាចសាកញ៉ាំអាហារសម្បូរដោយវីតាមីន C មានដូចជាផ្កាខាត់ណាខៀវ និងផ្លែគីវី ។

៤ ឈឺសន្លាក់

អាការៈឈឺសន្លាក់ជាអាការៈដែលមនុស្សយើងជួបញឹកញាប់នៅពេលខ្វះវីតាមីន C ព្រោះវីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលខ្វះសារធាតុប្រឆាំងអ៊ុកស៊ីតកម្មនេះបណ្តាលឲ្យមានការរលាកនាំឲ្យឈឺនៅសន្លាក់។ ការឈឺសន្លាក់នេះអាចពិបាកក្នុងការគ្រប់គ្រង ដូចនេះយើងគួរតែបញ្ចូលនូវវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

៥ ឈឺញឹកញាប់

ប្រសិនជាយើងឆ្លងជំងឺផ្តាសាយ ផ្តាសាយធំ ឬជំងឺឆ្លងផ្សេងៗ នោះមកពីប្រព័ន្ធភាពស៊ាំមានចុះខ្សោយ។ វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលជួយប្រឆាំងនឹងជំងឺឆ្លង និងជំងឺលុកលុយផ្សេងទៀត។ ដូចនេះបើយើងឈឺមិនឈប់ យើងគួរញ៉ាំវីតាមីន C បន្ថែមដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

៦ ឡើងទម្ងន់

អ្នកដែលឡើងទម្ងន់ដោយមិនមានការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ នេះអាចមកពីមានបញ្ហាខ្វះវីតាមីន C។ ការសិក្សាបានបង្ហាញពីទំនាក់ទំនងរវាងវីតាមីន Cនិងការឡើងជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយ ជាពិសេសខ្លាញ់នៅត្រង់ពោះ។ វីតាមីន C នេះអាចជួយក្នុងការដុតនូវជាតិខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព។

៧ ងងុយគេង និងហត់

នៅពេលដែលយើងមានអារម្មណ៍ថាហត់នៅពេលថ្ងៃបន្ទាប់ពីបានគេងគ្រប់គ្រាន់នៅពេលយប់ នេះមកពីយើងញ៉ាំវីតាមីន Cមិនគ្រប់គ្រាន់ដែរ។ ការនឿយហត់ជារោគសញ្ញាមួយដែលកើតពីកង្វះវីតាមីន C។ អ្នកអាចបញ្ចៀសបញ្ហានេះបានដោយញ៉ាំផ្លែគីវីមួយជំនួសកាហ្វេដប់ពែង។

៨ ស្បែកស្ងួត និងស្រអាប់

ដូចបានលើកឡើងខាងលើថា វីតាមីន C សំខាន់សម្រាប់ការផលិត collagen។ នោះមានន័យថាបើយើងញ៉ាំវីតាមីន Cមិនគ្រប់គ្រាន់ ស្បែករបស់យើងនឹងស្រអាប់ និងមានស្នាមជ្រួញ។

៩ ឈាមច្រមុះញឹកញាប់

តាមធម្មតាឈាមច្រមុះមិនបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពទេ ប៉ុន្តែបើយើងជួបបញ្ហានេះញឹកញាប់ អាចមកពីរាងកាយត្រូវការវីតាមីន C។ ច្រមុះពោរពេញដោយសរសៃឈាមតូចៗ ហើយវីតាមីន Cមានតួនាទីក្នុងការរក្សាកុំឲ្យសរសៃឈាមទាំងនោះចុះខ្សោយ ដែលជាហេតុបង្កឈាមច្រមុះ។

១០ ក្រចកស្តើង និងខ្សោយ

រាងកាយត្រូវការវីតាមីន C ដើម្បីស្រូបយកជាតិដែក ប៉ុន្តែនៅពេលរាងកាយមានវីតាមីន Cមិនគ្រប់គ្រាន់ អាចបង្កឲ្យមានជំងឺសេ្លកស្លាំងដោយសារខ្វះជាតិដែកធ្វើឲ្យក្រចកខ្សោយនិងផុយ។ ក្រោយពីយើ ងសា កប្រើនូវផលិតផលពង្រឹងក្រចកហើយនៅតែមិនឃើញលទ្ធផល យើងគួរងាកមកញ៉ាំបន្លែ និងផ្លែឈើ ស្រស់បន្ថែម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ