រយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយនេះ ដំរីស្រុក ឬ ដំរីចិញ្ចឹមដែលភាគច្រើនជាកម្មសិទ្ធរបស់ ជន ជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ត្រូវបានគេសង្កេតឃើញថា កាន់តែមានចំនួនថយចុះរៀង រាល់ឆ្នាំ និងពុំមានការបង្កកំណើតថ្មី ហើយអាជ្ញាធរ និងអង្គការជំនាញក៏ពុំទាន់មានវិធីដោះស្រាយ ដើម្បីទប់ ស្កាត់ការថយចុះនៃចំនួនសត្វដំរីស្រុកទាំងនេះដែរ។
ជាក់ស្ដែងដំរីស្រុកមួយក្បាលអាយុជាង៥០ឆ្នាំ បានងាប់ដោយសារជំងឺកាលពីថ្ងៃទី២០ កក្កដា ២០២០ ថ្មីៗនេះនៅចំណុចអូរប៉ាយ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលបានធ្វើឲ្យចំនួនសត្វស្រុកកាន់តែបន្តថយចុះថែមទៀត ។លោក ឃុន ឌីយ៉ូន នាយកអង្គការអ៊ីលី បានប្រាប់ឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ នៅខេត្តមណ្ឌលគិរី មានចំនួនសត្វដំរីស្រុករហូតដល់៧៣ក្បាល តែវាបានងាប់ជាបន្តបន្ទាប់ដោយសារជំងឺនិងអាយុកាលរបស់វា ដោយបច្ចុប្បន្នសត្វដំរីស្រុកនៅសល់ប្រហែល៣៦ក្បាល ភាគច្រើនជាដំរីញី មានឈ្មោលតែប៉ុន្មានក្បាលប៉ុណ្ណោះ។
លោក បន្តថា ដំរីចិញ្ចឹមនៅខេត្តមណ្ឌលគិរីថយចុះ ព្រោះដំរីស្រុកទាំងនោះជារបស់ជនជាតិដើមភាគតិចព្នង ហើយពួកគាត់មាន ប្រពៃណីមួយបន្សល់តាំងពីដូនតា គឺមិនអនុញ្ញាតឲ្យសត្វដំរីចិញ្ចើមទាំងនោះបន្តពូជដោយមិនទាន់រៀបការនោះទេ ពិធី រៀបការសត្វដំរីនោះផងដែរ ត្រូវធ្វើអធិកអធមដូចរៀបការមនុស្សអញ្ចឹង តម្រូវឲ្យមានការបូជាសែនព្រេនតាមប្រពៃណី ដែលចំណាយអស់ថវិការាប់ពាន់ដុល្លារឯណោះ ចំណាយច្រើនពេកនេះហើយទើបជនជាតិដើមភាគតិចព្នងពុំមានលទ្ធភាព ភាពរៀបការឲ្យសត្វដំរី និងត្រូវចងសត្វដំរីឈ្មោល និងញីនៅឆ្ងាយពីគ្នា មិនអនុញ្ញាតឲ្យពួកវានៅក្បែរទេ ។
លោក ឃុន ឌីយ៉ូន បានសំណូមទៅអាជ្ញាធរ ទៀតថា គួរតែមានការជីកស្រះទឹកតាមដែនជម្រកសត្វព្រៃឲ្យបាន ច្រើនកន្លែងជាងនេះ ព្រោះសត្វព្រៃត្រូវការជាចាំបាច់ ហើយកន្លងមកក៏មានសត្វដំរីប៉ុន្មានក្បាលមកហើយដែរបានងាប់ក្នុងព្រៃ ព្រោះតែគ្មានទឹកផឹកក្នុងរដូវប្រាំង ។
គួរបញ្ជាក់ថា សត្វដំរីព្រៃនៅខេត្តមណ្ឌលគិរីបច្ចុប្បន្នមាន ចំនួនប្រមាណ២៥០ទៅ៣០០ក្បាល ដែលនេះ ជាចំនួនកើនឡើង ។ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានសម្តែង ក្តីសោកស្តាយចំពោះការងាប់សត្វដំរីស្រុកមួយក្បាលថ្មីៗនេះ លោកថាចំនួនដំរីស្រុកមានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយ ដំរីទាំងនោះ មានអាយុច្រើនអស់ហើយ ៕SP