ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង១០ ក្បាល បានចុះផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារ និងអភិរក្ស ខណៈបច្ចុប្បន្ន សត្វដំរីព្រៃនៅប្រទេសកម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ ការពារធម្មជាតិនៃភូមិភាគឦសានដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរី។
លោកបានឱ្យដឹងថា នៅអំឡុងខែកុម្ភៈនេះជារៀងរាល់ឆ្នាំ ហ្វូងដំរីព្រៃតែងតែមកទីតាំងខាងលើនេះ ដើម្បីរកចំណីស៊ី និងផឹកទឹក។
បើតាមការអះអាងរបស់លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ យកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺ ស្ទើរតែគ្មាន ដោយសារតែការអនុវត្តច្បាប់តឹងរុឹង ប៉ុន្តែមានការ
កត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា៕