(ឥណ្ឌូនេស៊ី)៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី កំពុងស្វែងរកមនុស្សចំនួន១១នាក់ ដែលនៅតែបាត់ខ្លួនបន្ទាប់ពីស្រឡាងដឹកអ្នកដំណើរមួយគ្រឿង លិចក្នុងសមុទ្រជិតកោះបាលី ដោយបានសម្លាប់មនុស្សចំនួន ៧នាក់។ នេះបើតាមការចុះផ្សាយដោយCNA។
អ្នកនៅរស់រានមានជីវិតរាប់សិបនាក់ ត្រូវបានគេសង្គ្រោះចេញពីទឹក កាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីស្រឡាង KMP Yunicee បានដឹកអ្នកដំណើរ និងនាវិកចំនួន ៥៧ នាក់ បានលិចក្បែរកំពង់ផែ Gilimanuk នៅភាគខាងលិចកោះនេះ។
ភាគច្រើននៃអ្នកដែលគេ សង្គ្រោះបានគឺសន្លប់បាត់ស្មារតី បន្ទាប់ពីរសាត់អណ្តែតក្នុងទឹកអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្តែមនុស្ស ១១ នាក់នៅតែបន្តបាត់ខ្លួនគិតត្រឹមថ្ងៃពុធនេះ។
មេក្រុមស្វែងរកនិងជួយសង្គ្រោះកោះបាលី លោក Gede Darmada បាននិយាយថា “យើងកំពុងស្វែងរកអ្នកដែលបាត់ខ្លួននៅឡើយ។ កាលពីយប់មិញ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរំខាន ដោយការមើលមិនសូវឃើញនិងរលកសមុទ្រខ្ពស់ៗ”។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គេនៅមិនទាន់ដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្វីនោះទេ៕