អន្តរជាតិ៖ ការជួយសង្គ្រោះបានចាប់ផ្តើម បន្ទាប់ពីលិចសាឡាងឥណ្ឌូណេស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ កក្កដា ២០២៣។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ឥណ្ឌូណេស៉ី បាននិយាយថា នៅថ្ងៃចន្ទនេះ អាជ្ញាធរកំពុងស្វែងរកអ្នកដំណើរដែលបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ លិចសាឡាងមួយគ្រឿង នៅកោះស៊ូឡាវ៉េស៉ី (Sulawesi) បណ្តាលឲ្យមនុស្សចំនួន ១៥នាក់ស្លាប់។   

សាឡាងខាងលើដឹកមនុស្សឆ្លងកាត់ឆ្នេរមួយនៃកោះមូណា (Muna) ចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកាន់ដារី (Kendari) របស់ខេត្តស៊ូឡាវ៉េស៉ី ភាគអាគ្នេយ៍។ មនុស្សចំនួន ១៩នាក់ ក្នុងចំណោមអ្នកដំណើរទាំង ៤០នាក់នៅលើស្រឡាងនោះបានបាត់ខ្លួន ខណៈ ៦នាក់នៅរស់រានមានជីវិត។ រីឯមូលហេតុនៃការលិចនៅមិនទាន់ដឹងច្បាស់នោះទេ។

គួរបញ្ជាក់ថា សាឡាង គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយក្នុងប្រទេសឥណ្ឌូណេស៉ី ដែលមានប្រជុំកោះជាង ១៧,០០០កោះ ហើយគ្រោះថ្នាក់លិចស្រឡាងបែបនេះ តែងតែកើតឡើងជាញឹកញាប់ ដោយសារការអនុវត្តតាមស្តង់ដារសុវត្ថិភាពមានភាពធូររលុង ហើយជារឿយៗផ្ទុកលើសទម្ងន់ និងគ្មានឧបករណ៍សង្គ្រោះជីវិតគ្រប់គ្រាន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ