មនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ និងជាច្រើននាក់បានបាត់ខ្លួនដោយសារ ការលិចសាឡាងនៅបង់ក្លាដែស
បង់ក្លាដែស ៖ មន្រ្តីបាននិយាយថា សាឡាងបង់ក្លាដែស មួយដែលដឹកអ្នកដំណើរប្រហែល ៥០ នាក់ បានបុកជាមួយនាវាដឹកទំនិញមួយគ្រឿង ហើយបានលិចកាលពីថ្ងៃអាទិត្យ នៅទន្លេ Shitalakhsyaa ភាគខាងត្បូងនៃរដ្ឋធានីដាកា (Dhaka) ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។
មន្ត្រីប៉ូលីសលោក Kabir Hossain បាននិយាយថា សាឡាងដែលបានធ្វើដំណើរចេញពីស្រុក Narayanganj មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ (១២ មាល៍) ពីទីក្រុង Dhaka កំពុងធ្វើដំណើរទៅកាន់ទីក្រុង Munshiganj ។
លោកបានបន្តថា “ប្រតិបត្តិការជួយសង្គ្រោះសម្រាប់អ្នកដែលកំពុងបាត់ខ្លួន កំពុងបន្ត” ហើយអ្នកដំណើរមួយចំនួនបានសំរេចចិត្តធ្វើការហែលទឹកបន្ទាប់ពីជួបនូវគ្រោះថ្នាក់នោះ។
សូមបញ្ជាក់ថា សាឡាងបានដឹកអ្នកដំណើរទៅស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបិទទ្វារនៅទូទាំងប្រទេសរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទ ដើម្បីដោះស្រាយការកើនឡើងនៃករណីជំងឺកូវីត១៩ ។ប្រទេសបង់ក្លាដែស បានរាយការណ៍ពីការកើនឡើងនូវការឆ្លងមេរោគកូវីត១៩ ចំនួន ៧.០៨៧ នាក់ជារៀងរាល់ថ្ងៃ។
គួររំលឹកផងដែរថា មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារគ្រោះថ្នាក់លិចសាឡាងនៅប្រទេសបង់ក្លាដែស ដែលជាប្រទេសទំនាបមួយដែលមានផ្លូវទឹកឆ្ងាយពីគ្នា ប៉ុន្តែមានស្តង់ដារសុវត្ថិភាពពុំទាន់គ្រប់គ្រាន់៕NR