ប៉ារីស៖ យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន ៣១នាក់ ដែលធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស បានស្លាប់កាលពីថ្ងៃពុធ នៅពេលដែលទូករបស់ពួកគេបានលិចក្នុងសមុទ្រនៃប្រទេសអង់គ្លេស ។នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានNBC news នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ប្រតិបត្តិការរួមគ្នារវាងបារាំង និងអង់គ្លេស ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ។ អាជ្ញាធរក្នុងតំបន់និយាយថា យ៉ាងហោចណាស់មានទូកចំនួនបី និងឧទ្ធម្ភាគចក្រ បីគ្រឿង ត្រូវបានដាក់ពង្រាយដើម្បីចូលរួមក្នុងការស្វែងរក។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerard Darmanin បាននិយាយថា ស្ត្រី៥នាក់ និងក្មេងស្រីម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៣១នាក់ ខណៈមនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងបានហៅថា«សោកនាដកម្មចំណាកស្រុកដ៏ធំបំផុតនៅលើផ្លូវឆ្លងកាត់ដ៏គ្រោះថ្នាក់» ។
មកដល់ពេលនេះប៉ូលិសបារាំងបានចាប់ខ្លួនមនុស្សបួននាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។
សម្រាប់ហេតុការនេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា លោក “តក់ស្លុត ចំពោះការស្លាប់នេះ ហើយបានអំពាវនាវឱ្យប្រទេសបារាំង ពង្រឹងបន្ថែមទៀតចំពោះវិធានការ ដើម្បីរារាំងមនុស្សពីការប៉ុនប៉ងឆ្លងកាត់សមុទ្រមកជ្រកកោននៅប្រទេសអង់គ្លេស។
ករណីជនភាសខ្លួនបារាំងក្នុងតំបន់ភាគខាងជើង មានការកើនឡើងព្រោះពួកគេចង់គេផុតពីភាពក្រីក្រ ពួកគេធ្វើដំណើរទាំងប្រថុយប្រថាន ក្នុងទូកតូច ដោយសង្ឃឹមថានឹងទទួលបានសិទ្ធិជ្រកកោន ឬឱកាសកាន់តែប្រសើរឡើងនៅក្នុងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរបារាំង មនុស្សចំនួន៣១,៥០០នាក់ បានព្យាយាមចាកចេញទៅកាន់ប្រទេសអង់គ្លេសចាប់តាំងពីដើមឆ្នាំនេះ ហើយមនុស្ស៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ដែលនេះជាតួលេខកើនឡើងទ្វេដងចាប់តាំងពីខែសីហាមក៕SP