យ៉ាងហោចណាស់មានមនុស្ស ៣៩ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារការឆេះរោងចក្ររបស់ក្រុមហ៊ុនចិន
មីយ៉ាន់ម៉ា៖ ក្រុមអ្នកតស៊ូមតិបាននិយាយថា កម្លាំងសន្តិសុខបានសម្លាប់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយ៉ាងតិច ២២ នាក់ នៅឧទ្យានឧស្សាហកម្ម Hlaingthaya តំបន់ជាយក្រុងនៃទីក្រុងមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិនត្រូវបានដុតបំផ្លាញនៅទីនោះ។
ជាមួយគ្នានេះដែរ ក៏មានអ្នកតវ៉ា ១៦ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅកន្លែងឯទៀតផងដែរ នេះបើយោងតាមពាក្យសំដីរបស់ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ក៏ដូចជាសំដីរបស់ប៉ូលីសម្នាក់។ តថភាពនេះ បានធ្វើឱ្យថ្ងៃនេះក្លាយជាថ្ងៃបង្ហូរឈាមច្រើនបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី។
ឆ្លើយតបនឹងរឿងនេះដែរ ស្ថានទូតចិនបាននិយាយថា បុគ្គលិកចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងការវាយប្រហារដោយការដុតបំផ្លាញដោយពួកអ្នកវាយប្រហារដែលមិនស្គាល់អត្តសញ្ញាណនៅរោងចក្រកាត់ដេរនៅ Hlaingthaya និងថាខ្លួនបានអំពាវនាវឲ្យមីយ៉ាន់ម៉ាការពារទ្រព្យសម្បត្តិ និងពលរដ្ឋចិន។ ទទឹមនឹងនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា ហាក់ដូចជា កំពុងគាំទ្ររបបយោធាដែលបានកាន់អំណាច។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា នៅពេលផ្សែងហុយចេញពីតំបន់ឧស្សាហកម្មកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅជាយក្រុងដែលជាកន្លែងសម្រាប់ជនចំណាកស្រុកមកពីទូទាំងប្រទេស។
អ្នកថតរូបម្នាក់នៅកន្លែងកើតហេតុដែលមិនចង់បញ្ចេញឈ្មោះបាននិយាយថា “វាគួរឱ្យរន្ធត់ណាស់។ មនុស្សត្រូវគេបាញ់នៅនឹងភ្នែកខ្ញុំ។ វានឹងមិនអាចលុបចេញពីការចង់ចាំខ្ញុំឡើយ “។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានប្រកាសថា ច្បាប់ប្រយុទ្ធត្រូវបានដាក់នៅក្នុងតំបន់ Hlaingthaya និងសង្កាត់មួយផ្សេងទៀតនៃទីក្រុងយ៉ាំងហ្គោនដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាអតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា។
ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយកងទ័ពបានផ្សាយថា កម្លាំងសន្តិសុខបានធ្វើសកម្មភាពបន្ទាប់ពីរោងចក្រកាត់ដេរចំនួន ៤ និងរោងចក្រផលិតជី មួយត្រូវបានឆេះ ហើយមនុស្សប្រហែល ២.០០០ នាក់បានស្កាត់ម៉ាស៊ីនពន្លត់អគ្គិភ័យមិនឲ្យទៅដល់។
យ៉ាងណាម៉ិញ អ្នកនាំពាក្យរបបយោធា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនបាននិយាយថា ប្រទេសចិនទទូចដល់មីយ៉ាន់ម៉ាឱ្យចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបញ្ឈប់រាល់អំពើហឹង្សា ការដាក់ទណ្ឌកម្មលើជនល្មើសស្របតាមច្បាប់ និងធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងបុគ្គលិកចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា។