ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រកាសបិទហាងលក់ផលិតផលទាំងអស់របស់ខ្លួន នៅជុំវិញពិភពលោក ដោយសារតែ...
សាន់ហ្រ្វាន់សុីស្កូ ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បានប្រកាសថា ក្រុមហ៊ុននឹងបិទហាងលក់ផលិតផល ទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍តែម្តង នៅជុំវិញពិភពលោក ដើម្បីផ្លាស់ប្រតិបត្តិការទៅនៅលើអនឡាញវិញ។
បើតាមសេចក្តីថ្លែងការណ៍របស់ Microsoft ការសម្រេចបែបនេះ នឹងមានន័យថា ហាងលក់ផលិតផលប្រហែល១០០កន្លែងរបស់ Microsoft ដែលត្រូវបានបិទដោយសារការរាតត្បាតនៃជំងឺ COVID-19 នោះ នឹងមិនបើកទ្វារដំណើរការឡើងវិញឡើយ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ របស់សហរដ្ឋអាមេរិកមួយនេះ ចង់ផ្តោតទៅលើមធ្យោបាយថ្មីនៃការលក់ផលិតផលរបស់ខ្លួន។
គួរជម្រាបថា យ៉ាងណាមិញ ក្នុងចំណោមហោងលក់ផលិតផលទាំងនោះ មាន៤កន្លែង នឹងត្រូវកែប្រែឲ្យក្លាយទៅជា «មជ្ឈមណ្ឌលផ្តល់បទ ពិសោធន៍» សម្រាប់អតិថិជនវិញ។ ទីតាំងទាំង៤នោះ គឺនៅទីក្រុងឡុងដ៍ នៅទីក្រុងញូយ៉ក នៅទីក្រុងស៉ីដនី និងនៅទីស្នាក់ការ Microsoft ផ្ទាល់ គឺនៅទីក្រុង Redmond នៃរដ្ឋវ៉ាស៉ីនតោន៕ RR