អឺរ៉ុប៖ Manchester United មិនទាន់អាចធានាកៅអីទៅកាន់វគ្គ១៦ក្រុម Champions League បាននៅឡើយទេ បន្ទាប់ពីបរាជ័យ ៣-១ ក្រោមថ្វីជើងរបស់ក្រុមយក្សបារាំង Paris Saint-Germain កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ នៅទឹកដី Old Trafford។
តារាឆ្នើម Neymar របស់ក្រុមភ្ញៀវ PSG រកបានគ្រាប់បាល់បើកឆាកនៅ៦នាទីដំបូងនៃការប្រកួត ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ រកបានមួយគ្រាប់តាមស្មើវិញ នៅនាទីទី៣២ ដោយខ្សែប្រយុទ្ធ Marcus Rashford។
ក្រុមភ្ញៀវបារាំង បានបន្ដការវាយសម្រុកនៅក្នុងវគ្គទី២ ហើយមានឱកាសរកគ្រាប់បាល់នាំមុខសារជាថ្មី ដោយប្រធានក្រុម Marquinhos មុនពេល Fred របស់ Man United ទទួលបានកាតលឿងពីរដង ហើយត្រូវបានបណ្ដេញចេញពីទីលានប្រកួត។
យ៉ាងណាមិញ Neymar រកបានមួយគ្រាប់បន្ថែមទៀត ដែលជាគ្រាប់បាល់ទី៣៨របស់គេ នៅក្នុងការប្រកួត Champions League និងធានាឱកាសសម្រាប់ PSG មានសង្ឃឹមឡើងទៅកាន់វគ្គ១៦ក្រុម។
សម្រាប់លទ្ធផលនេះ ធ្វើឱ្យ Man United, PSG និង RB Leipzig មាន៩ពិន្ទុដូចគ្នានៅក្នុងតារាងនៃពូល H ហើយលទ្ធផលសម្រាប់ក្រុមណាដែលនឹងកក់កៅអីទៅវគ្គបន្ទាប់ នឹងត្រូវបានបង្ហាញនៅសប្ដាហ៍ក្រោយ ដែលជាការប្រកួតចុងក្រោយនៃវគ្គចែកពូល៕