បរទេស៖ ខ្សែប្រយុទ្ធ Olivier Giroud បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ខណៈដែលក្រុម Chelsea បានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Sevilla កាលពីថ្ងៃពុធ ដើម្បីធ្វើឲ្យចំណាត់ថ្នាក់លេខ១ក្នុងពូលរបស់ពួកគេ មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌ Champions League ក្នុងពូល E។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ គឺជាកីឡាករមានវ័យចំណាស់ជាងគេបំផុតដែលបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត ក្នុងយុទ្ធនាការនេះ បើគិតចាប់តាំងពីខ្សែប្រយុទ្ធហុងគ្រី Ferenc Puskas ធ្វើបានកាលពីឆ្នាំ១៩៦៥ សម្រាប់ក្លិប Rea Madrid ពេលប្រកួតជាមួយនឹងក្រុម Feyenoord។ Giroud គឺជាកីឡាករដំបូងគេ ដែលរកបាន៤គ្រាប់ក្នុងការប្រកួតមួយនៃក្របខ័ណ្ឌ Champions League បើគិតចាប់តាំងពី Cristiano Ronaldo ធ្វើបានពេលប្រកួតជាមួយនឹងក្រុម Malmo កាលពី៥ឆ្នាំមុន។ ក្រុមទាំង២បានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេច ប៉ុន្តែ Giroud បានធ្វើយ៉ាងល្អក្នុងពេលចូលលេងក្នុងជម្រើសដំបូងទាំងកម្ររបស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទីដោយជើងឆ្វេង ជើងស្តាំ និងតាមរយៈក្បាលរបស់គេ ដើម្បីជួយឲ្យ Chelsea ទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល។

បច្ចុប្បន្ន លោក Frank Lampard អាចផ្តល់ការសម្រាកដលកីឡាករឆ្នើមៗរបស់លោក សម្រាប់ការប្រកួតប្រកួតចុងក្រោយក្នុងពូលជាមួយនឹងក្រុម Krasnodar នាកីឡដ្ឋាន Stamford Bridge ស្របពេលដែលក្រុមរបស់លោកនឹងសម្លឹងរកការធ្វើឲ្យបានល្អប្រសើរជាងកាលពីរដូវកាលមុន ដែលកាលនោះពួកគេបានធ្លាក់ចេញក្រោមស្នាដៃក្រុម Bayern Munich ក្នុងវគ្គ១៦ក្រុមចុងក្រោយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ