អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជំនះលើក្រុមស្ករគ្រាប់ Everton ដោយលទ្ធផល 3-1 នៅកីឡដ្ឋាន Goodison Park កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។

ការរកគ្រាប់បាល់នាំមុខរបស់ ដោយខ្សែបម្រើ Bernard ពីការបញ្ជូនរបស់ Dominic Calvert-Lewin បានធ្វើឱ្យ លោក Ole Gunnar Solskjaer កាន់តែរងសម្ពាធ បន្ទាប់ពីបរាជ័យទល់នឹង Arsenal ក្នុងលីគកាលពីសប្ដាហ៍មុន និងការប្រកួត Champions League ក្រោមថ្វីជើងរបស់ Istanbul Basaksehir កាលពីពាក់កណ្ដាលសប្ដាហ៍។

ប៉ុន្ដែស្នាមញញឹមបានបង្ហាញនៅលើមុខ អ្នកចាត់ការសញ្ជាតិន័រវេស បន្ទាប់ពីខ្សែបម្រើ Bruno Fernandes បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមបិសាចក្រហម នៅ៦នាទីបន្ទាប់ ហើយកីឡាករព័រទុយហ្គាល់ រកបានមួយគ្រាប់ទៀតនាំមុខ នៅក្នុងតង់ទី១។

ក្រុមភ្ញៀវ Man United បន្ដមានឱកាសក្នុងការវាយសម្រុកទៅលើក្រុមម្ចាស់ផ្ទះ ហើយខ្សែប្រយុទ្ធចំណូលថ្មី Edinson Cavani រកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្លិប នៅម៉ោងបន្ថែមមុនចប់ការប្រកួត។

សម្រាប់លទ្ធផលនេះ បានជួយឱ្យ United ទទួលបាន១០ពិន្ទុសម្រាប់៧ប្រកួតឈរនៅចំណាត់ថ្នាក់លេខ១៤ ខណៈ Everton ដែលបរាជ័យ៣ប្រកួតជាប់គ្នាបានខកឱកាសឡើងទៅកំពូលតារាង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ