យ៉ាងហោចណាស់១៣៦នាក់បានស្លាប់ក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងប្រទេសរវ៉ាន់ដា និងប្រទេសអ៊ូហ្គង់ដា
បរទេស៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ទឹកជំនន់ និងបាក់ដី ដែលបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៩ នាក់ នៅក្នុងប្រទេសរវ៉ាន់ដា (Rwanda) និង ៦ នាក់ នៅអ៊ូហ្គង់ដា (Uganda) ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានកំពុងនឹងស្វែងរកអ្នកដែលរស់រានមានជីវិតដែលជាប់នៅក្នុងផ្ទះ។
នៅក្នុងទិដ្ឋភាពដ៏ច្របូកច្របល់បន្ទាប់ពីភ្លៀងធ្លាក់ជាច្រើនសប្តាហ៍នៅក្នុងតំបន់ ឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារផ្សាយរបស់រដ្ឋរ៉ាន់ដា បានបង្ហាញពីទិដ្ឋភាពនៃទឹកភក់បានហូរចុះមកលើផ្លូវដែលជន់លិច និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។
យ៉ាងណាម៉ិញ លោក Alain Mukurarinda អ្នកនាំពាក្យរងរដ្ឋាភិបាលនៃប្រទេស រ៉ាន់ដា បាននិយាយថា អ្នកស្លាប់បានកើនឡើងដល់១២៩ នាក់ គិតត្រឹមម៉ោង៣ និង៣០ នាទីរសៀល ម៉ោងក្នុងស្រុក។ជាងនេះទៀតសោត នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតី លោក Paul Kagame បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងជួយប្រជាជនដែលរងផលប៉ះពាល់ រួមទាំងការផ្លាស់ទីលំនៅបណ្តោះអាសន្នផងដែរ។
ជាមួយគ្នានេះផងដែរ កាកបាទក្រហមរបស់ អ៊ូហ្គង់ដា បាននិយាយថា នៅតំបន់ភ្នំនៃប្រទេសជិតខាង អ៊ូហ្គង់ដា នៅជិតព្រំដែនជាមួយ រ៉ាន់ដា មនុស្ស ៦ នាក់ បានស្លាប់ក្នុងមួយយប់ កាលពីថ្ងៃពុធ នៅក្នុងស្រុក គីសូរូ (Kisoro) ភាគនិរតីនៃអ៊ូហ្គង់ដា។
គួររំលឹកថា ប្រទេសរវ៉ាន់ដា និងអ៊ូហ្គង់ដា បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងជាបន្តបន្ទាប់តាំងពីចុងខែមីនា។ ការរអិលបាក់ដីត្រូវបានគេរាយការណ៍ថាមាននៅក្នុងតំបន់ខ្ពស់ផ្សេងទៀតនៃអ៊ូហ្គង់ដា ដូចជា Kasese នៅជិតភ្នំ Rwenzori ជាកន្លែងដែលទឹកជំនន់ បានបំផ្លាញផ្ទះសម្បែង និងធ្វើអោយមនុស្សរាប់រយនាក់ត្រូវផ្លាស់ទីលំនៅ។ NR