ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥បានចេញសេចក្ដីណែនាំអភិបាលរាជធានី-ខេត្ត ស្ដីពី ការហាមឃាត់ការបង្ហោះយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាត ក្នុងរយៈពេល ១៥ថ្ងៃ។

បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃនិងខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង លោក សូមធ្វើការ ណែនាំដល់ អភិបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដោយត្រូវហាមឃាត់ មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាតក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួល បានគោលការណ៍ណែនាំនេះ។

 ក្នុងករណីមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមាន។ 

ទន្ទឹមនេះ រដ្ឋបាលខេត្តត្រូវ ចាត់ចែងតាមដាន និងគ្រប់គ្រងសភាពការណ៍ខាងលើឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍ជារៀង រាល់ថ្ងៃជូនមកក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ កុំបីខាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ