ស៊ីម៉ាក់ រកឃើញភស្តុតាងជាច្រើននៅវត្តតាមាន់សែនជ័យ ត្រូវបានពួកទ័ពអាកាសថៃ ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82
ភ្នំពេញ ៖ ស៊ីម៉ាក់ បានរកឃើញភស្តុតាងជាច្រើននៅវត្តតាមាន់សែនជ័យ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានពួកទ័ពអាកាសថៃ ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម។
តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្ត បានរកឃើញភស្តុតាង ដែលអាចបញ្ជាក់ច្បាស់ថា «ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82»។
លោក អគ្គនាយក បន្ដថា គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន ២គ្រាប់ ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣។
លោក អគ្គនាយក ថា «រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀម និងអន្តរជាតិ របស់ភាគីសៀម ថា គ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀត ឬយ៉ាងម៉េច? ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ»៕