ខេត្តព្រៃវែង៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយក្រុមនៅក្នុងប្រទេសកម្ពុជា រួមនិងគ្រឿងញៀនជាច្រើនប្រភេទ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងបង្ក្រាបបានបញ្ជូនទៅតុលាការ ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងក្រោយពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការធ្វើវិធានការរដ្ឋបាលចំហ ក្នុងចំណុចគោលដៅផ្លូវជាតិលេខ១ នៅវេលាម៉ោង២២ និង៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាជនជាតិវៀតណាម រួមនិងបក្ខពួក ដែលត្រូវបានឃាត់ខ្លួន ទី១ មានឈ្មោះ PHẠM THỊ MINH HỒNG  ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម , ទី២ មានឈ្មោះ CAO THI THUỶ VÂN ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម , ទី៣ មានឈ្មោះ PHAM CAO ANH TUẤN ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម ។ 

ជាការកត់សម្គាល់ ជនសង្ស័យឈ្មោះCAO THI THUỶ VÂN ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាមគឺមានដីកាបង្កាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនតាមសាលក្រមស្ថាពរលេខ ២១០ បគ ចខឃ/២២ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឌិន ស៊ីវុទ្ធី ដោយអនុវត្តទោស ដាក់ពន្ធនាគារកំណត់មួយជីវិត ស្តីពីបទល្មើសផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដឹកជញ្ជូនជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានហៅតាក់ស៊ី ដើម្បីដឹកខ្លួន និងបក្ខពួក ២នាក់ទៀត (ជនជាតិវៀតណាមទាំង ៣នាក់) រួមនិងគ្រឿងញៀនមួយចំនួន (ច្រកថង់បិទជិត) នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គោលបំណងដឹកចេញពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង ។ 

សូមជម្រាបថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តព្រៃវែង ចាប់បានគ្រឿងញៀនជាច្រើនប្រភេទរួមមាន៖ ១. ម្សៅពណ៌សទម្ងន់ ៧០៤,៤៣ ក្រាម (ហេរ៉ូអ៊ីន), ២. ម្សៅពណ៌ត្នោត ៩៩៣,៨៣ ក្រាម (MDMA), ៣. ម្សៅម៉ត់ ១១៣,៥៥ ក្រាម (MDMA), ៤. ម្សៅពណ៌ស ១,៩៩ ក្រាម (មេតំហ្វេតាមីន), ៥. ម្សៅពណ៌សម៉ត់ ១៧៧,៥១ ក្រាម(កេតាមីន), ៦. រុក្ខជាតិក្រៀម ២.៥១២ ក្រាម,៧. ម្សៅចំរុះ ១២.២៨៨ ក្រាម រួមនិងសម្ភារៈមួយចំនួនធំទៀត ។ សរុបម្សៅ និងរុក្ខជាតិដែលសង្ស័យជាសារធាតុញៀនគឺមានប្រមាណជិត ១៧ គីឡូក្រាម ។ 

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ