ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បង្ហាញពីល្បិចលួចបន្លំទិន្ន័យថ្មី “Quishing” ដែលពលរដ្ឋគួរប្រុងប្រយ័ត្ន
ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញថាការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បើកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។
ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា "Quishing" ។
សម្រាប់"Quishing" គឺជាបច្ចេកទេសម្យ៉ាង ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ "QR" និង "Phishing"។
វាជាបច្ចេកទេសបង្កប់មេរោគ ឬលាក់តំណភ្ជាប់ដែលមានផ្ទុកមេរោគ Malware នៅក្នុង QR Code ក្នុងគោលបំណងលួច ឬចូលកាន់កាប់គណនីបណ្តាញសង្គម រួមមានគណនី Tiktok InstagramFacebook ជាដេីម។ មេរោគមួយចំនួនទៀត បានធ្វើការលួចគណនីធានាគារ លេខកាតធានាគារ លួចទិន្នន័យ ចាក់សោរឯកសារ និងជម្រិតទារប្រាក់ជាដើម។
សូមប្រជាពលរដ្ឋគ្រប់រូបមេត្តាប្រុងប្រយ័ត្ន និងបង្កើនសុវត្ថិភាពឲ្យបានខ្ពស់បំផុតដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១. ត្រួតពិនិត្យប្រព័ន្ធយទូរស័ព្ទដៃរបស់លោកអ្នក និង ធ្វើបច្ចុប្បន្នភាព Software (Update) ឲ្យបានទៀងទាត់
២. សូមពិនិត្យ QR Code ដែលមានប្រភពមិនច្បាស់លាស់ ពិសេសនៅតាមទីសាធារណៈ
៣. ពិនិត្យសារ អក្សរ ឬការណែនាំ ឲ្យបានច្បាស់មុនផ្តល់ព័ត៌មាន ឬអនុវត្តតាមការណែនាំ។
៤. សូមធ្វើការផ្ទៀងផ្ទាត់ឲ្យបានច្បាស់ ចំពោះករណីសាច់ញាតិ បងប្អូន និងមិត្តភក្តិផ្ញើ QR Code មកលោកអ្នក ក្នុងគោលបំណងអ្វីមួយមិនជាក់លាក់៕