វៀតណាម-បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ ១០ប៊ីលានដុល្លារលើការទិញយន្តហោះ Airbus ២០ គ្រឿងថ្មី កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ
វៀតណាម៖ វៀតណាម-បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ ១០ប៊ីលានដុល្លារ រួមទាំងការទិញយន្តហោះ Airbus ២០ គ្រឿងថ្មី កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ និងផ្សេងៗទៀត ក្នុងអំឡុងទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជាទិញយន្តហោះប្រភេទ A330neo ចំនួន ២០ គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Airbus របស់បារាំង។ ក្រោមកិច្ចព្រមព្រៀងថ្មី ឥឡូវនេះក្រុមហ៊ុន VietJet បានបញ្ជាទិញយន្តហោះ A330neo សរុបចំនួន ៤០ គ្រឿង រួមទាំង ២០ គ្រឿង ពីក្នុងកិច្ចព្រមព្រៀងដែលធ្វើឡើងកាលពីឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet មិនបានបង្ហាញពីតម្លៃ ឬពេលវេលាដឹកជញ្ជូនសម្រាប់យន្តហោះថ្មីនេះទេ ប៉ុន្តែបាននិយាយថា ការបញ្ជាទិញនេះគាំទ្រដល់ផែនការពង្រីកខ្លួនរយៈពេលវែងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមានគោលបំណងពង្រីកបណ្តាញហោះហើររនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ហើយអាចដំណើរការផ្លូវឆ្ងាយទៅកាន់អឺរ៉ុបផងដែរ៕