ស្តុកខុល ៖ ក្នុងសប្តាហ៍នេះ សមាជិកសភា២រូបនៃគណបក្ស Green Party ដែលជាបក្សប្រឆាំងនៅប្រទេសស៊ុយអែត បានរួមគ្នាអំពាវនាវឱ្យបង្កកការលក់សព្វាវុធរបស់រដ្ឋាភិបាល ឱ្យទៅប្រទេសថៃ បន្ទាប់ពីយន្តហោះចម្បាំង Gripen ដែលផលិតដោយក្រុមហ៊ុនស៊ុយអែត ត្រូវបានកងទ័ពអាកាសថៃប្រើប្រាស់ អំឡុងសង្រ្គាមព្រំដែនកាលពីខែកក្កដា ជាមួយកម្ពុជា។ នេះបើតាមដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានស៊ុយអែត Dagens Arena នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥។

សមាជិកសភាស៊ុយអែតទាំង២រូបខាងលើ មានឈ្មោះ Jacob Risberg និង Emma Nohren បានធ្វើការកត់សម្គាល់ថា យន្តហោះចម្បាំង Gripen ត្រូវបានប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាក់ស្តែងលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត នៅពេលដែលយោធាថៃបានប្រើប្រាស់វា វាយប្រហារទៅលើគោលដៅ ស្ថិតនៅតាមបណ្តោយព្រំប្រទល់របស់កម្ពុជា ក្នុងជម្លោះដែលបើតាមសេចក្តីរាយការណ៍ គឺបានឆក់យកជីវិតមនុស្សរាប់សិបនាក់។

អ្នកទាំងពីរបានបន្តទៀតថា ទោះបីប្រទេសស៊ុយអែតមានកំណត់លក្ខខណ្ឌ ក្នុងការលក់សព្វាវុធរបស់ខ្លួនឱ្យបរទេសក៏ដោយក្តី ការលក់ឱ្យទៅប្រទេសប្រកាន់របបផ្តាច់ការ ឬប្រទេសគ្រប់គ្រងដោយយោធា ដែលគ្មានប្រជាធិបតេយ្យពិតប្រាកដ ដូចជាប្រទេសថៃជាដើម បានកើនឡើងយ៉ាងគំហុក។ តួយ៉ាងកាលពីចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ស៊ុយអែតបាននាំចេញផលិតផលយោធាទៅថៃ គិតជាប្រាក់ ២ពាន់លានក្រូណា ឬស្មើនឹង២០៨លានដុល្លារអាមេរិក។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលស៊ុយអែត ទើបតែចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ៤គ្រឿងទៀតឱ្យទៅយោធាថៃ ក្នុងតម្លៃ៥៥៥លានដុល្លារ ខណៈទីក្រុងបាងកកមានបំណងចង់ទិញយន្តហោះ Gripen ថ្មីៗសរុបចំនួន១២គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើ ១០គ្រឿងដែលខ្លួនមានស្រាប់។ ការចុះកិច្ចព្រមព្រៀងនេះកើតមានឡើង ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចបដិសេធលក់យន្តហោះចម្បាំង F-35 ឱ្យទៅថៃ បើទោះបីប្រទេសទាំងពីរ ជាសម្ព័ន្ធមិត្តដ៏យូរអង្វែងនឹងគ្នាក៏ដោយ។

លោក Jacob Risberg និងលោកស្រី Emma Nohren បានអំពាវនាវថា ស៊ុយអែតចាំបាច់ត្រូវរឹតបន្តឹងឱ្យខ្លាំងបំផុត នូវលក្ខខណ្ឌនៃការនាំចេញសព្វាវុធរបស់ខ្លួន។ បើតាមលោកយល់ឃើញរបស់លោក Risberg និងលោកស្រី Nohren ថៃដែលបានត្រឡប់ទៅត្រឡប់មករវាងការដឹកនាំនៃរបបយោធាផ្តាច់ការ និងរដ្ឋាភិបាលស៉ីវិលដែលទន់ខ្សោយ អស់រយៈពេលរាប់ទសវត្សរ៍មកហើយនោះ គឺជាទូទៅត្រូវបានចាត់ទុកជា ប្រទេសមិនមែនប្រជាធិបតេយ្យឡើយ។

ជាចុងក្រោយ អ្នកទាំងពីរបានសង្កត់ធ្ងន់ថា ការផ្តល់យន្តហោះចម្បាំងច្រើនគ្រឿងថែមទៀត ដល់របបដឹកនាំគ្របដណ្តប់ដោយយោធាបែបនេះ នឹងមិនជួយលើកកម្ពស់សុខសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ទេ ហេតុដូច្នេះហើយ កិច្ចព្រមព្រៀងទាំងអស់ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ជាមួយក្រុមហ៊ុន Saab និងក្រុមហ៊ុនផលិតសព្វាវុធដទៃទៀតរបស់ស៊ុយអែត គួរតែត្រូវបង្កកសិន រហូតទាល់តែលក្ខខណ្ឌនៃការលក់ ត្រូវបានរឹតបន្តឹងនិងត្រួតពិនិត្យឡើងវិញឱ្យហ្មត់ចត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ