មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ
កំពត ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានធ្វើការជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពិសេសពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ក្នុងន័យដើម្បីដាក់ចេញនូវវិធានការនានាបង្ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងដែលបង្ករឱ្យមានភាពអសន្តិសុខក្នុងសង្គម។
ទន្ទឹមនឹងនោះ លោក រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ក៏បានជំរុញបន្ថែមក្នុងការបំផុសឱ្យមានការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឱ្យបានកផុសផុលបន្ថែមទៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសការបង្ការ និងបង្ក្រាបបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។
ក្នុងឱកាសនោះដែរលោក រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងកោតសរសើរចំពោះចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្ត ដែលសម្រេចបាននូវលទ្ធ និងការអិវឌ្ឍជាច្រើន ដែលទាំងនេះជាសាក្ខីកម្មនៃការយកចិត្តទុកដាក់អនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឈ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
លោក ម៉ៅ ច័ន្ទតារា ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នសភាពការនៅតាមបណ្តាព្រំដែនកម្ពុជាថៃ នៅតែមានការយ៉ាយី និងឈ្លានពានពីសំណាក់ប្រទេសថៃមកលើទឹកដីកម្ពុជា ហើយបញ្ហាទាំងនេះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងក្រសួងពាក់ព័ន្ធបាននឹងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីបញ្ចប់ជម្លោះនេះដោយសន្តិវិធី ហើយក្នុងដំណាក់កាលនេះយើងទាំងអស់គ្នាត្រូវមានភាពអត់ធ្មត់ខ្ពស់ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ចលោក កើត ឆែ ពីអភិបាលរងរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងជា អភិបាលរងខេត្តកំពត ជំនួសលោក ពេញ ធារម្យ៕