កម្ពុជា-វៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការពារជាតិ។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។
ក្នុងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងរយៈកាលចុងក្រោយនេះ រួមមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងភាពសប្បាយរីករាយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលវៀតណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសម្លឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត។ បន្ថែមពីនេះទៀត លោកឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្នុងជំនួបនេះ ក៏បានពិភាក្សាផ្តោតជាសំខាន់លើយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត៕EB