អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា មិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា
ភ្នំពេញ ៖ កម្ពុជា ប្រកាសថា ខ្លួន មិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា ក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស។
ក្រសួងការពារជាតិ គូសបញ្ជាក់សាជាថ្មីថា «កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល»។
កម្ពុជា គូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កម្ពុជា អំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា «ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
លើសពីនេះទៀត កម្ពុជាបានប្រកាន់ខ្ជាប់និងអនុវត្តតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក ជាពិសេសកិច្ចប្រជុំវិសាមញ្ញ ថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជានិងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ ថៃ ដែលទើបតែបញ្ចប់ទៅនៅវេលាម៉ោង ១១:៥៣ នាទី ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពនិងសាមគ្គីភាព និងប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជាស្នើសុំឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ។
កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕