ភ្នំពេញ៖នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិ​ញជិញ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេ​ញទស្ស​នកិច្ចផ្លូ​វការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរម​រាជវាំង។ ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រីវ័យ ក៏នឹងចូលជួបសម្តែងការគួរសម​ដាច់ដោយឡែកពី​គ្នា​ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

 

ក្រៅពីនេះ ក៏មានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមា​នសន្តិភាព​ ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើ​ញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។

 

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ