រដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅមក មណ្ឌលប្រឡង
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ (បាក់ឌុប) ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរទៅមកមណ្ឌលប្រឡង និងជូនពរបេក្ខជន ទទួលបានលទ្ធផលល្អក្នុងការប្រឡងគ្រប់ៗគ្នា។
តាមរយៈសារជូនពរ និងផ្ដាំផ្ញើដល់បេក្ខជន ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
លោកឧបនាយករដ្ឋមន្រ្ដី បន្ដថា បេក្ខជនទាំងអស់ មិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយពីបទប្បញ្ញត្តិនានា នៃការប្រឡងឡើយ។ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ខិតខំរក្សាសុខភាពឱ្យបានល្អ ដោយត្រូវទទួលទាន និងគេងឱ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដើម្បីក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង។
លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ជាមួយគ្នានេះ ក្មួយៗត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរ ទៅ នឹងមក មណ្ឌលប្រឡង។ ខ្ញុំ សូមជូនពរក្មួយៗជាបេក្ខជនទាំងអស់ សូមទទួលបានលទ្ធផលល្អ ក្នុងការប្រឡងគ្រប់ៗគ្នា»។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕