ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីអមដំណើរសម្តេច ទៅក្រៅប្រទេសទាំងអស់ កុំទៅគ្រាន់តែអម តែត្រូវប្រឹងជួប ចរចាជាមួយដៃគូនានា ទាំងឯកជន និងរដ្ឋ ធ្វើយ៉ាងណាទាញអត្ថប្រយោជន៍ ដល់កម្ពុជា ។

ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ។

សម្តេចធិបតី មានប្រសាសន៍ថា «ស្មារតីបុរេសកម្ម គឺកុំចាំ ដើរគោះទ្វារតែម្តង តែខ្ញុំតែងតែប្រាប់ពេលណាដែរ ចេញទៅក្រៅប្រទេសប៉ុន្មានដងច្រើនតែ កសិកម្ម និងពាណិជ្ជកម្ម មួយខំផលិត មួយខំលក់ តែមែនតែកសិកម្មទេ ដែលខំផលិត អ្នកលក់មិនលក់តែផលិតផលកសិកម្មនោះទេ លក់គ្រប់ទាំងអស់ ទាំងឧស្សាហកម្ម ទាំងអី ដែលយើងបើកទីផ្សារទាំងអស់ តែយើងអត់អាចអង្គុយ យកឯកសារទៅប្រាប់គេថា ខ្ញុំមានគោលនយោបាយអនុគ្រោះចេះ យកទៅអានទៅ ហើយមក គឺអត់ទេ»។

សម្តេចធិបតី បានបន្តថា «ពេលដែលខ្ញុំទៅនឹងប្រធានាធិបតី នាយករដ្ឋមន្ត្រី រាប់សិបប្រទេសគេដើរធ្វើដូចគ្នា ទៅគេមានសភាពាណិជ្ជកម្ម មានរដ្ឋមន្ត្រីរបស់គេត្រូវធ្វើដូចគ្នា ហើយយើងមិនអាចធ្វើម្តងចប់ទេ យើងត្រូវធ្វើជាប្រចាំ តាមគ្រប់រូបភាពទាំងអស់ ដើរគោះទ្វារ ដើរគោះទ្វារ បានន័យថា ដើរទៅជួបផ្ទាល់ ដើរទៅចរចារផ្ទាល់ ចឹងបានរាល់កិច្ចការងារឥឡូវ ខ្ញុំចេញទៅក្រៅប្រទេស ប្រាប់ថាទាក់ម៉ូយនេះ ក្រៅពីការរៀបចំវេទិកាធុរកិច្ច ដែលយើងផ្តោតទៅលើសេដ្ឋកិច្ច ជាមួយវិស័យឯកជន នៅតាមប្រទេសនីមួយៗ ច្រើនក្រុមហ៊ុន ខ្ញុំតែងតែដាក់ កម្មវិធីជាប់ជាប្រចាំ កន្លះម៉ោង ក៏ដោយ ១៥នាទីក៏ដោយ តពីព្រឹកដល់យប់ ពីព្រឹកដល់យប់ ដើម្បីជួបផ្ទាល់ ជាមួយនឹងក្រុមហ៊ុនដែលមានសក្កានុពល ព្រោះបើយើងមិនជួប មិនលើកទឹកចិត្ត គាត់ទៅស្តាប់ នៅក្នុងវេទិកាល្អ ប៉ុន្កែអ្នកខ្លះ អត់ចាប់អារម្មណ៍ទេ ចឹងយើងត្រូវតែដើរធ្វើ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ