ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី មានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារ (៣០ម៉ឺនដុល្លារ) សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានគួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយលើសកម្មភាពនានា ក្នុងការថែរក្សា និងជួសជុលតំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បងតាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ដុល្លារ។ បើនិយាយឱ្យលម្អិត រដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។

សូមរំលឹកថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួនសម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។ ភាគីទាំងពីរ ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្តល់សមត្ថភាពដល់ សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ យៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្តែង។ លើលពីនេះ ភាគីទាំងពីរ សង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ