ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា  និងលោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤.៥០១ លានយ៉េន(ប្រមាណ ៤១,៤ លានដុល្លារអាមេរិក)។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ មិថុនា ថាសម្រាប់អនុវត្តគម្រោងចំនួន៣ ដូចជា ៖

ទី១- អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស  ចំនួន ៣៤៨ លានយ៉េន(ប្រមាណ ៣,២ លាន ដុល្លារអាមេរិក)។

ទី២-ការធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យ បង្អែកខេត្តសៀមរាបចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩,៨ លានដុល្លារអាមេរិក)។

ទី៣-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការ ការពារនិងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារអាមេរិក)។

សូមរំលឹកថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែក យ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ