កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននិយាយថា អាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករា ឆ្នាំ២០២៣ ធ្វើឱ្យក្រុងស្រុកចំនួន៤ នៃខេត្តនេះ បានរងនូវការវាយប្រហារដោយទឹកជំនន់។ ស្រុកដែលបានរងការលិចលស់នោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច។

លោក វ៉ី សំណាង បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំងនោះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ហើយបច្ចុប្បន្នអាជ្ញាធរស្រុកកំពុងចុះពិនិត្យយ៉ាងយកចិត្តដាក់បំផុតជុំវិញករណីនេះ ហើយក៏បានត្រៀមគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះពលរដ្ឋដែលរងគ្រោះជាយថាហេតុ។ 


ទោះយ៉ាងនេះក៏ដោយគេមិនអាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារស្រុក-ក្រុង ភូមិ-ឃុំកំពុងជាប់ដៃក្នុងជួយបង្ការសង្គ្រោះដល់ពលរដ្ឋចេញពីជំនន់នេះ។ ចំណែកជុំវិញគ្រោះថ្នាក់ផ្សេងៗរបស់មនុស្សសត្វក្នុងជំនន់នេះក៏មិនទាន់មានសេចក្តីរាយការណ៍នៅឡើយទេ។


លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើ ទឹកបានហូរធ្លាក់មកផ្នែកខាងក្រោមបណ្តាលឱ្យអាងស្តុកទឹកមួយចំនួនមានការកើនឡើងកម្រិតទឹកគួរឱ្យព្រួយបារម្ភ។ទន្ទឹមនេះមន្ទីរជំនាញក៏បានដាក់ពង្រាយមន្ត្រីរបស់ខ្លួននៅតាមគោលដៅសំខាន់ៗដើម្បីពិនិត្យតាមដានពីការប្រែប្រួលនៃកម្ពស់ទឹកផងដែរ។ 

មកដល់ពេលនេះអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃនៃស្រុកថ្ពងទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន។ ការណ៍នេះមន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកចេញបញ្ជៀសការបាក់ធ្លាយទំនប់ជាយថាហេតុ។ ទន្ទឹមនឹងការបើកទ្វារទឹកនេះ នៅផ្នែកខាងក្រោមនឹងមានជន់លិចនៅចំណុចមួយចំនួន ហើយរដ្ឋបាលខេត្តបានប្រកាសឱ្យពលរដ្ឋត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះមនុស្សចាស់ និងកុមារតូចៗ ត្រូវតែបញ្ជូនទៅរកទីទួលសុវត្ថិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ