ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាជធានីភ្នំពេញ នឹងទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ប្រសិនបើនៅមានការបំពាន លើទំហំឬច្រកមុខទឹកចាស់។នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម។

ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងឱកាសដែលលោករដ្ឋមន្រ្តី បានបន្តដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នង ទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំង វត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ។

ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាព ទឹកជាក់ស្តែងទាំងយប់នេះ លោករដ្ឋមន្រ្តីបានណែនាំ បន្ថែមដល់ក្រុមការងារបច្ចេកទេស ឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០,៥០ ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់ បន្ថែមបង្ការលំហូរទឹក ពីលើខ្នងទំនប់ ដែលអាចបង្កឲ្យមានលិចលង់ ដល់ភូមិឋាន ប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រីក៏សូមស្នើ ដល់ស្ថាប័នដែល កំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹក ឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញ នឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។

សូមបញ្ជាក់ថា ស្ថានភាពទឹកនៅបន្តឡេីងបន្ថែមទៀត តែមិនទាន់មានអ្វី ដែលជាការយាយី ដល់រាជធានីភ្នំពេញនៅឡេីយទេ ដោយក្រុមការងារបច្ចេកទេស របស់ក្រសួងបានធ្វើការបិតរូងនាគ ជាច្រើនកន្លែងនៅតាមតួទំនប់និងយាមប្រចាំ ការ ២៤ម៉ោងលេី២៤ម៉ោង អស់រយៈពេល ជាង១សប្តាហ៍មកហើយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ