អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម នៅថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៥៥នាក់ហើយ ខណៈមនុស្ស ០៧នាក់ទៀតនៅតែបន្តបាត់ខ្លួន ព្រមទាំងចំការដំណាំជាច្រើនហិកតាទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំ ងបង្កទៅ ជាគ្រោះទឹកជំនន់ នៅតែបន្តអូសបន្លាយអស់រយៈពេល ១០ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ភាគច្រើនត្រូវ បានទឹកកួច យកទៅបណ្តា លឲ្យលង់ស្លាប់ ស្ថិតនៅក្នុងបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី ធួធានហឺ និងក្វាងណាម បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ៧,០០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៤៤៥,៧០០ក្បាលបានងាប់។
គួរបញ្ជាក់ថា ព្យុះត្រូពិកដែលមានឈ្មោះថា ណាងកា បានវាយប្រហារនៅភាគខាងជើង និងភាគ កណ្តាលប្រទេស នៅពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ចន្លោះពីថ្ងៃទី ៥ ដល់ ១៣ ខែតុលា នៅតាមតំបន់ខ្លះនៃប្រទេសវៀតណាមបានទទួលកម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ២,០០០មីលីម៉ែត្រឯណោះ។ យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយប្រហារនៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសម្តងទៀត ចាប់ពីថ្ងៃសុក្រនេះ ហើយអាចបន្តរហូតដល់ថ្ងៃទី២១ ខែតុលាឯណោះ។
អាជ្ញាធរជាតិវៀតណាមបានវាយតម្លៃថា គ្រោះមហន្តរាយនានាជាពិសេសខ្យល់កួច, ទឹកជំនន់, ការរអិលបាក់ដី និងជំនន់ទឹកភ្លៀងបានបង្កការខាតបង់សេដ្ឋកិច្ចប្រមាណ ៥ទ្រីលានដុង (ប្រហែលជាង ២១៧លានដុល្លារអាមេរិក)៕SP