កម្ពុជា កំពុងរង់ចាំមើលការចេញសេចក្តីថ្លែងការណ៍របស់ប្រទេសមហាអំណាច និងប្រទេសនានា ពាក់ព័ន្ធនឹងសង្រ្គាមរវាង រុស្ស៊ី-អ៊ុយក្រែន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងរង់ចាំមើលការចេញសេចក្តីថ្លែងការណ៍របស់ប្រទេសមហាអំណាច និងប្រទេសនានា ពាក់ព័ន្ធទៅនឹងបញ្ហាសង្រ្គាមរវាង រុស្ស៊ី-អ៊ុយក្រែន ព្រោះថ្ងៃនេះ គឺជាខួប ១ឆ្នាំ នៃសង្គ្រាមរវាងប្រទេសទាំងពីរ។
ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅកោះពេជ្រ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះ គឺខួបមួយឆ្នាំ ចំពោះរុស្ស៊ី នាំកងទ័ព ចូលប្រទេសអ៊ុយក្រែន។
សម្ដេចតេជោ បញ្ជាក់ថា «ថ្ងៃនេះ យើងរងចាំមើលបណ្ដាប្រទេសនានា តើប្រទេសណាខ្លះ? ចេញសេចក្តីថ្លែងការណ៍របៀបណាខ្លះ? បញ្ហាទាក់ទងរវាងរុស្ស៊ី-អ៊ុយក្រែន យើងកំពុងរងចាំការស្ដាប់ជាមួយនឹងសេចក្ដីថ្លែងការណ៍នៃមហាអំណាច លើប្រទេសនានាទាក់ទងបញ្ហានេះផងដែរ»។
សូមរំលឹកថា សង្គ្រាមនៃប្រទេសទាំង២ មិនត្រឹមតែខាតបង់ត្រឹមតែក្នុងប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលទទួលរងនូវឥទ្ធិពលពីសង្គ្រាមនេះដូចគ្នា ទាំងផ្នែកសេដ្ឋកិច្ច ជាពិសេស តម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក។ រីឯ ផ្នែកនយោបាយ ផ្នែកទេសចរណ៍ ឬ ផ្នែកដទៃផ្សេងទៀត ក៏ជួបបញ្ហាដូចគ្នាដែរ។ បញ្ហាទាំងអស់នេះ ជារឿងមួយដែលពិភពលោកព្រួយបារម្ភជាខ្លាំង ហើយក៏គ្មាននរណាម្នាក់អាចដឹងបានឡើយថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់នៅពេលណា៕