ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយ ដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤0 លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់កម្ចីចំនួន ១0 លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន (ACGF)។
សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣ លានដុល្លារនោះ កម្មវិធីបង្កើនថាមពល កកើតឡើងវិញសម្រាប់កម្ពុជា របស់មូលនិធិវិនិយោគអាកាសធាតុ នឹងផ្តល់ប្រាក់កម្ចីចំនួន ៦ លានដុល្លារ និង ជំនួយចំនួន ៥ លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិអាកាសធាតុបៃតងនឹង បន្ថែមប្រាក់កម្ចីចំនួន១២ លានដុល្លារ តាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុ កាតាលីករ បៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។
កម្មវិធីនេះគាំទ្ររបៀបវារៈ នៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល និង ផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពល ដើម្បីបង្កើនភាពបត់បែននិងភាពធន់ និង ពង្រឹងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។
លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវស័យសាធារណៈ សម្រាប់មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា «កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។ វាត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក»៕EB