សហរដ្ឋអាមេរិក នឹងដាក់បញ្ជូលបន្ថែមក្រុមហ៊ុនរបស់ចិនជាង ៣០ទៀតចូលទៅ ក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្ម
អាមេរិក៖ដ្ឋបាលលោក ចូ បៃឌិន គ្រោងនឹងដាក់ ក្រុមហ៊ុនចិនជាង ៣០ ក្នុងនោះរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Yangtze Memory Technologies Corp (YMTC) ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលនឹងរារាំងពួកគេពីការទិញគ្រឿងបន្លាស់មួយចំនួនពីអាមេរិក ដែលបង្កភាពតានតឹងកាន់តែខ្លាំងវាងមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក។
ក្រសួងពាណិជ្ជកម្មអាមេរិក នឹងបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេរបស់ប្រទេសចិន និងក្រុមហ៊ុនផ្សេងទៀតទៅក្នុងបញ្ជីខ្មៅនៅសប្តាហ៍នេះ។ក្រុមហ៊ុនដែលអាមេរិកគ្រោងដាក់នៅក្នុងបញ្ជីខ្មៅទាំងនេះ ត្រូវបានរារាំងពីការទិញបច្ចេកវិទ្យាពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក លុះត្រាតែពួកគេទទួលបានអាជ្ញាប័ណ្ណនាំចេញពិសេស។
ចំណាត់ការរបស់អាមេរិកនេះ នឹងជំរុញឲ្យមានការកើនឡើងកម្តៅនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងចិនជុំវិញបច្ចេកវិទ្យា។ រដ្ឋបាលលោក បៃឌិន បានបង្ហាញការរឹតបន្តឹងយ៉ាងខ្លាំងលើលទ្ធភាពរបស់ចិនក្នុងការទិញឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ផលិតបន្ទះឈីប កាលពីខែតុលា ដោយដាក់ក្រុមហ៊ុនបច្ចេកវិទ្យា YMTC និងក្រុមហ៊ុនចំនួន ៣១ផ្សេងទៀតរបស់ចិននៅក្នុងបញ្ជីដែល «មិនអាចត្រួតពិនិត្យបាន»។
ក្រុមហ៊ុនបច្ចេកវិទ្យា YMTC ដែលមានមូលដ្ឋាននៅទីក្រុង Wuhan គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក 3D NAND ដ៏ធំបំផុតរបស់ប្រទេសចិន ដែលផលិតបន្ទះឈីបអង្គចងចាំ សម្រាប់ដាក់ទៅក្នុងស្មាតហ្វូន និងឧបករណ៍កុំព្យូទ័រផ្សេងទៀត ក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung Electronics Co. របស់កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc។
សហរដ្ឋអាមេរិក បាន និងកំពុងដាក់កំហិតបន្ទះឈីប ជាទិសដៅដ៏សំខាន់បំផុត ដើម្បីបញ្ឈប់ប្រទេសចិនពីការក្លាយជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងយោធា។
ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដោយលើកហេតុផលថា រដ្ឋាភិបាលអាមេរិកកំពុងព្យាយាមបញ្ឈប់ការរីកចម្រើនរបស់ខ្លួន។ នៅសប្តាហ៍នេះ ប្រទេសចិនបានប្តឹងជំទាស់ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញទង្វើរបស់អាមេរិកមកលើវិស័យបច្ចេកវិទ្យាចិន ដោយលើកហេតុផលថាពួកគេនឹងរំខានដល់ពាណិជ្ជកម្មពិភពលោក៕SP