វៀតណាម៖តម្លៃនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមសម្រេចបាន ៣៥ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០២២នេះ បានកើនឡើង ២១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានVNExpress នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ក្រៅពីការពឹងផ្អែកលើទីផ្សារនាំចេញទៅកាន់ទីផ្សារសំខាន់ៗទាំង ៥ រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងចិន សហគ្រាសក្នុងឧស្សាហកម្មកាត់ដេរវៀតណាម ក៏បានពង្រីកការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសមួយចំនួនទៀត។

លោក Vu Duc Giang ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បាននិយាយថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ទទួលបានកំណើនខ្ពស់នៃការបញ្ជាទិញនាំចេញ ប៉ុន្តែចូលដល់ត្រីមាសទី៣ ឆ្នាំ២០២២ ទីផ្សារចាប់ផ្តើមឃើញសញ្ញានៃការថយចុះ។

ការកាត់បន្ថយការបញ្ជាទិញ គឺដោយសារតែតម្រូវការទាបនៅក្នុងទីផ្សារនាំចេញសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ អតិផរណាខ្ពស់នៅក្នុងទីផ្សារទាំងនោះបានធ្វើឱ្យមនុស្សកាត់បន្ថយការចំណាយរបស់ពួកគេយ៉ាងខ្លាំង។ ក្នុងនោះសម្លៀកបំពាក់ជាទំនិញដែលមានការកាត់បន្ថយយ៉ាងខ្លាំង។ទន្ទឹមនឹងនេះ ទីផ្សារដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម ដូចជា ចិន ជប៉ុន និងកោះតៃវ៉ាន់ នៅតែអនុវត្តវិធានការតឹងរ៉ឹងប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់វត្ថុធាតុដើម សម្ភារៈជំនួយ និងការប្រើប្រាស់ផលិតផលវាយនភ័ណ្ឌពីវៀតណាម។

ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ សហគ្រាសវាយនភណ្ឌ និងកាត់ដេរ បានរៀបចំម៉ោងធ្វើការឡើងវិញ ដើម្បីធានាស្ថិរភាពសម្រាប់កម្មករ។

យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន VNDirect ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម នឹងមានភាពភ្លឺស្វាងនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ ដោយសារតែពន្ធនាំចេញលើប្រភេទផលិតផលវាយនភណ្ឌ និងកាត់ដេររបស់វៀតណាមមួយចំនួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវកាត់បន្ថយពី ២-៤ភាគរយ ដោយសារសហភាពអឺរ៉ុបអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម (EVFTA)។

លើសពីនេះ គណៈកម្មការអឺរ៉ុបព្យាករណ៍ថា អតិផរណានៅក្នុងសហភាពអឺរ៉ុបនឹងកើនឡើងដល់ ៨,៣ភាគរយនៅឆ្នាំ ២០២២ និងធ្លាក់ចុះមកត្រឹម ៤,៣ភាគរយ នៅឆ្នាំ ២០២៣។ អតិផរណាទាប នឹងជំរុញកំណើនតម្រូវការសម្លៀកបំពាក់នៅឆ្នាំ ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ