ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ជូនមកកម្ពុជាជាហូរហែរ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំផែនការមេវិស័យភស្តុភារកម្ម ការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសគម្រោងសិក្សាលើការជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់ឈូងសមុទ្រខេត្តកំពត»។ 

ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ផ្លូវថ្នល់ គឺជាបច្ច័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្រិតនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយបានជាការចូលរួមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជារឿងមួយដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតែយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្ត ដើម្បីរឹតបន្តឹងចំណងសម្ព័ន្ធមេត្រីភាពល្អជាមួយគ្នា។

លើសពីនេះ លោកទូត ក៏នៅតែមានសុឆន្ទៈ ក្នុងការចូលរួមគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា ដោយនឹងជួយជំរុញណែនាំដល់វិនិយោគិនកូរ៉េ ដែលមានបំណងធ្វើការវិនិយោគនៅក្រៅប្រទេស ឱ្យងាកមកពិចារណាលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូននេះផ្ទាល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ