ភ្នំពេញ ៖ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ជាលើកដំបូងចំនួន៥០០តោន ខណៈគ្រោងនឹងនាំចេញ ទៅកាន់ប្រទេសនេះចំនួន ៦ម៉ឺនតោននៅពេលខាងមុខ ។
ក្នុងពិធីអបអរសាទរ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួមនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានថ្លែងយ៉ាងដូច្នេះថា ៖« ខ្ញុំសូមសម្តែងការអបអរសាទរ ចំពោះក្រុមហ៊ុន វ័ន រ៉ូដគ្រប់ខេមបូឌា ដែលបាន ទទួលជោគជ័យ ក្នុងការបញ្ជា ទិញអង្ករកម្ពុជា និងការនាំចេញទៅកាន់ប្រទេស អេមីរ៉ាត់អារ៉ាប់ រួម នឹងការដឹកជញ្ជូនអង្ករ លើកទី១នៅក្នុងខែមករានេះ » ។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា៖ «បើតាមលោកអគ្គនាយកក្រុមហ៊ុន បាន លើក ឡើងថានឹងនាំទៅកាន់ប្រទេស អេមីរ៉ាត់អារ៉ាប់រួមក្នុងកម្រិត៦ម៉ឺនតោន ហើយសម្រាប់ពេលនេះ គឺដឹកចេញ៥០០តោន ហើយខ្ញុំគុណគិតគូរខាងក្រុមហ៊ុន វ័ន រ៉ូដនាំចេញអង្ករ៦ម៉ឺន តោននេះគិត ជាថវិការប្រហែលជា ៥៤លានដុល្លារអាមេរិក តែតួលេខនេះ ខ្ញុំពិបាកនិយាយព្រោះថាតម្លៃ មានឡើងឬចុះ» ។
ជាមួយគ្នានោះដែរ លោកស្រីរដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា មានការបញ្ជារទិញអង្ករ និងនាំចេញបន្ថែមទៀតនៅពេលអនាគត ហើយក៏សូមស្នើឲ្យក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ពួតដៃគ្នាក្នុងការជំរុញ និងការអភិវឌ្ឍន៍វិស័យអង្ករនិងកេរ្តិ៍ អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិពិសេស ទីផ្សារអេមីរ៉ាត់អារ៉ាប់រួម៕