ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មន្ត្រីដែលជាតំណាងរដ្ឋមន្ត្រីក្រសួងណាមួយ ត្រូវក្ដាប់ព័ត៌មាននៅក្នុងក្រសួងរបស់ខ្លួនឲ្យបាន នៅពេលចូលរួមកម្មវិធីរបស់ សម្ដេច បើមិនដឹងរឿងរបស់ក្រសួង មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរដ្ឋ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣នេះ។


សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីដែលជាតំណាងរបស់រដ្ឋមន្ត្រីក្រសួងណាមួយ នៅពេលដែលចូលរួមកម្មវិធីរបស់នាយករដ្ឋមន្ត្រី ត្រូវក្ដាប់ព័ត៌មានឲ្យបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយនៅពេលនាយករដ្ឋមន្ត្រី ត្រូវផ្ដល់ព័ត៌មាននោះមកឲ្យ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ថ្ងៃរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន មិនបានមក ហើយរដ្ឋលេខាធិការ មក ដល់រដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឲ្យមកជាតំណាងណា ត្រូវក្ដាប់ឲ្យជាប់អ្វីជាការងាររបស់ខ្លួន តែហៅសួរអត់ម៉ង់អីមិនបាច់ទេ នាំខាតសាំង អស់លុយរដ្ឋ ព្រោះអស់នេះមិនមែនជិះឡានលុយខ្លួនឯងជិះ ជិះសាំងខ្លួនឯងទេ សាំងរបស់រដ្ឋ»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើមន្ត្រីដែលជាតំណាងរដ្ឋមន្ត្រីក្រសួងណាមួយ ក្ដាប់ព័ត៌មានមិនបានទេនោះ មិនចាំបាច់មកចូលរួមកម្មវិធីនាយករដ្ឋមន្ត្រ នោះឡើយ នាំចង្អៀតកន្លែងអង្គុយ និងខាតថ្លៃសាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ