សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកឱ្យអស់ពីសង្គមជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេស ឱ្យអស់ពីសង្គមជាតិ។
ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើងមិនទុកឲ្យវាបន្ត បំពុលសង្គមបំផ្លាញដំណើររីកចម្រើននិងបង្កការបែកបាក់ជាតិដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជនណា ឬគណបក្សនយោបាយណា ដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេលបើពុំដូ ច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន។ សម្តេចតេជោ បន្តថា ការលើកកម្ពស់ជីវភាពប្រជាជនគឺជាគោលបំណងជាសារវន្តរបស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាតាមរយៈការជំរុញអនុវត្តប្រកបដោយប្រសិទ្ធផលនូវរាល់គោលនយោបាយ និងវិធានការនានាក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា បច្ចុប្បន្នជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទន្ទឹមនោះក៏នៅមានប្រជាជនយើងមួយចំនួននៅបន្ត ជួបការលំបាកខ្លាំងក្នុងការរស់នៅ ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ និងកត្តាផ្សេងៗទៀត។ ក្នុងន័យនេះ សម្ដេច ឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីនិងមន្ត្រីគ្រប់លំដាប់ថ្នាក់បន្ត ខិតខំដោះស្រាយសំណូមពររបស់ប្រជាជននៅមូលដ្ឋានពង្រឹងសុវត្ថិភាពភូមិ-ឃុំ-សង្កាត់ ពង្រីកស្ថានភាពអំណោយ ផលដល់ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋនិងជំរុញ ការអនុវត្តកម្មវិធីនិងវិធានការអន្តរាគមន៍សង្គមកិច្ចនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យបានល្អ ដើម្បីធានារក្សាលំនឹងជីវភាពនិងបង្កើនឱកាសសម្រាប់ការលើក ស្ទួយជីវភាពរបស់ប្រជាជន៕