ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល ៥ឆ្នាំបន្តទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ការសម្រេចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តបនឹងសំណើរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាបណ្តុំគ្រឹះស្ថានឧត្តម សិក្សានៅកម្ពុជា ដែលបានចងក្រងគ្នាធ្វើសកម្មភាពក្នុងការលើកកម្ពស់ គុណភាពអប់រំសិក្សារបស់សិស្ស និស្សិត និងពង្រឹងគុណភាពបង្រៀន គ្រប់កម្រិត និងនិរន្តរភាពស្ថាប័ន។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អាស្រ័យហេតុនេះហើយ សម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកគ្រឹះស្ថាន ឧត្តមសិក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារអប់រំរៀង រាល់មួយឆ្នាំម្តង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាពិសេសក្នុងពេលកម្ពុជាជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩៕EB