ភ្នំពេញ៖ ទោះបីជាគណបក្សភ្លើងទៀន មានកម្លាំងប្រមូលផ្តុំទៅដោយ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងមេអង្គការ សហជីព ចូលរួមក្នុងជីវភាពនយោបាយជាមួយគ្នាយ៉ាងណាក៏ដោយ ក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សកាន់អំណាច គ្មានការភ័យខ្លាច ព្រួយបារម្ភ ឬស្លន់ស្លោជាមួយដែរ។

ការមិនខ្លាច ឬព្រួយបារម្ភនេះរបស់លោក សុខ ឥសាននេះ ដោយសារអ្នកទៅចូលរួមជាបក្សប្រឆាំងនេះ សុទ្ធតែពួកប្រឆាំង ដូច្នេះ គ្មានលទ្ធភាពឈ្នះបក្សកាន់អំណាចឡើយ។


មួយរយៈពេលចុងក្រោយនេះ គណបក្សភ្លើងទៀន ដែលមានប្រភពយូរមកហើយ ហើយទើបងើបឡើងវិញ មុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ ដោយសារតែប្រមូលផ្តុំទៅដោយ អតីតមន្រ្តីបក្សប្រឆាំងជាអ្នកមុខនោះ ឃើញថា មានមេសហជីពដូចជា លោក ជា មុន្នី លោក រ៉ុង ឈុន សុទ្ធសឹងជាអ្នកការពារសិទ្ធិកម្មករ បានដាក់លិខិតចូលរួមក្នុង ជីវភាពនយោបាយជាមួយ។

ជុំវិញបញ្ហាខាងលើនេះ លោក សុខ ឥសាន បានថ្លែងថា លោក រ៉ុង ឈុន និងលោក ជា មុន្នី ពួកគាត់មាននិន្នាការ គាំទ្របក្សប្រឆាំងរួចហើយ ទោះពួកគាត់ដើរតួជាអង្គការសង្គមស៊ីវិល និងជាសហជីព អីចឹងពួកគាត់ទៅរួមរស់ជាមួយបក្សប្រឆាំងនេះ គ្មានអ្វីចំឡែកទេ។

ទាក់ទងទៅនឹងគណបក្សភ្លើងទៀន សម្រាប់ការចូលរួមបោះឆ្នោត ថ្នាក់ជាតិខាងមុខនេះ ឃើញថា បក្សនេះ ហាក់មានការគាំទ្រច្រើនពី ពលរដ្ឋក្រោយមានអតីតមន្រ្តីជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិបានចូលរួម ជាពិសេសខាងមន្រ្តីអង្គការ សហជីពក៏បានចូលដែរ តើការចូលរបស់ពួកគាត់នេះ អាចទាញសន្លឹកឆ្នោតពីបក្សកាន់អំណាចបានទេ? ។ ចំណុចនេះ ត្រូវបានលោក សុខ ឥសាន តបថា «គ្មានភ័យនោះទេ ព្រោះដូចដឹងស្រាប់ហើយ រាល់ការបោះឆ្នោតកន្លងមកគឺ គណបក្សប្រជាជនកម្ពុជាវ៉ាដាច់ជានិច្ច»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ