គ.ជ.ប អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់សកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងច្បាប់ ក្នុងចេតនារារាំងដល់ដំណើរការបោះឆ្នោត
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ ក្នុងចេតនារារាំងដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ការចេញមកអំពាវនាវរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីឃើញការចែកចាយនូវសារជារូបភាព និងវីដេអូរបស់បុគ្គលមួយចំនួនតាមបណ្ដាញសង្គម ដោយពួកគេបានឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឲ្យទៅបោះឆ្នោត ព្រោះតែគ្មានគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោត។
គ.ជ.ប សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖
ទី១៖ការដែល គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ បញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន
គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ដោយ គ.ជ.ប បានអនុវត្តដោយស្មើភាព និងគ្មានការរើសអើងចំពោះគ្រប់គណបក្សនយោបាយ។
ទី២៖យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត, ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន៕