ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។

យោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គជបបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គជប។


គណបក្សដែលបំពេញគ្រប់លក្ខខ័ណ្ឌតាមពេលកំណត់ គជប ចុះបញ្ជីជាផ្លូវការ ហើយបើគណបក្សណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ គជបសម្រេចមិនចុះបញ្ជីគណបក្សនោះទេ។ ក្នុងន័យនេះ គជប បានពិនិត្យឃើញថា គណបក្សចំនួន១៥បានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់ ហើយគជប បានសម្រេចអនុម័តចុះបញ្ជីគណបក្សទាំង១៥នេះ។

ដោយឡែក គណបក្សសរុបចំនួន៥ រួមមានគណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ធកិច្ច គណបក្សភ្លើងទៀន គណបក្សស្រ្តីដើម្បីស្ត្រី និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានទទួលការស្នើសុំឲ្យបំពេញឯកសារ និងកែតម្រូវ ហើយក្នុងចំណោមគណបក្សទាំង៥នេះ គណបក្ស៣បានកែតម្រូវ និងបានបំពេញគ្រប់លក្ខខណ្ឌ គជប បានសម្រេចទទួលស្គាល់ និងចុះបញ្ជី លើកលែងតែ គណបក្សភ្លើងទៀន តែ១គត់ដែលធ្វើមិនបានគ្រប់ និង គជប សម្រេចបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះតែម្តង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ