ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន នោះទេ ដោយកម្ពុជា គ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន ឡើយ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា មិនបានផ្ដល់ជំនួយផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន នោះទេ ដោយកម្ពុជា គ្មានសមត្ថភាព ផ្ដល់ជំនួយបែបនេះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «កន្លងទៅ មានអ្នកលើកឡើងថា កម្ពុជា បានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ កម្ពុជា គ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចំពោះការដែលកម្ពុជា ជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ ដូច្នេះ សូមកុំឲ្យមានការយល់ច្រឡំឲ្យសោះចំពោះបញ្ហានេះ។
សូមរំលឹកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានច្រានចោលការចុះផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែននៅក្នុងការតទល់សង្គ្រាមជាមួយរុស្ស៊ី។ ការច្រានចោលរបស់ក្រសួងការបរទេសបែបនេះគឺធ្វើឡើងបន្ទាប់ពីមាន Channel Telegram មួយដែលមានឈ្មោះ«DEMOGRAFIYA UPALA» បានចុះផ្សាយអំពីជំហររបស់ប្រទេសនានាទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន រួមទាំងកម្ពុជាផងដែរ៕EB