ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីគ្រោងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយមិនគិតថ្លៃ ហើយបូកបន្ថែមជាមួយនឹងការផ្ដល់ប្រាក់ឧបត្ថម្ភ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាការពិតសម្ដេចចង់អនុវត្តកម្មវិធីនេះនៅក្នុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែដោយសារមិនមានបញ្ចក់ថវិកា ខណៈការអនុម័តថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣នេះ បានធ្វើរួចទៅហើយ ដូច្នេះកម្មវិធីនេះ អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ សម្ដេចគូសបញ្ជាក់ថា ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានប្រមាណ១.៥លាននាក់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំកំពុងតែដាក់ឲ្យរៀបចំដាក់ឲ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័តថវិការួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមាន១លាន៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបន្ដថា កម្មវិធីនេះយើងនឹងរ៉ាប់រងសម្រាប់សិស្សទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ប៉ុន្ដែផ្ដល់ប្រាក់ឧបត្ថម្ភឲ្យគាត់បន្ថែមទៀត ដោយធ្វើមិចបណ្ដុះបណ្ដាលធនធានមនុស្ស បើយើងដោះស្រាយក្នុងរង្វង់១លាន៥សែននាក់នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ