ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានដកស័ក្តិយស ដកផ្កាយពីនគរបាលយុត្តិធម៌ណា ដែលចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារដោយអយុត្តិធម៌។ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តី ក៏បានទទូចហើយទទូចទៀតដល់អាជ្ញាធរ និងនគរបាលយុត្តិធម៌ទាំងអស់ កុំចេះតែចាប់ដាក់ពន្ធនាគារនូវអ្នកដែលមានជម្លោះដីធ្លីលឿនពេក តែត្រូវពិនិត្យលើបញ្ហាឲ្យបានច្បាស់លាស់ជាមុនសិន។

សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មបែបនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្ដេចតេជោ បញ្ជាក់ថា «មើល ខ្ញុំសុំអស់លោក ទទួលបន្ទុកជានគរបាលយុត្តិធម៌ កុំងងឹតងងុល»។ សម្តេច ពោលដល់បញ្ហាការចាប់ចងមនុស្សជុំវិញរឿងរ៉ាវ បញ្ហាដីធ្លី។ សម្តេច បានបញ្ជាក់ថា សម្តេច កំពុងតាមដានរឿងក្តៅគគុកថ្មីមួយរឿងបោកលុយជាង ៣៦លានដុល្លារ រឿងលក់ដីខ្យល់ ដោយក្នុងនោះមានទាំងការចាប់បុគ្គលិកទូរទស្សន៍បាយ័នមួយរូបថា ពាក់ព័ន្ធ ខណៈដែលបុគ្គលិកនោះ ជាមនុស្សក្រីក្រ ទើបសម្តេចប្រតិកម្មឱ្យតាមដានរឿងនេះឱ្យដិតដល់ និងបញ្ជាឱ្យកម្លាំងគ្រប់ប្រភេទ កុំអី អាងចាប់ចង មនុស្សពាក់ព័ន្ធបញ្ហាដីធ្លី ព្រោះជារឿងរដ្ឋប្បវេណី។

ជាមួយនោះ សម្តេច បានព្រមានចំៗថា អស់លោកដែលជាសមត្ថកិច្ច កុំអាងតែមានស័ក្តិ កុំអាងពាក់ផ្គាយ ពាក់លោកខែក៏សម្តេចអាចដកចេញបានដែរ ដូច្នេះកុំអាងអី អាងចាប់ចងមនុស្សពាក់ព័ន្ធរឿងដីធ្លី ដោយលើកឡើងថាជាបញ្ជារបស់តុលាការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ